(ពោធិ៍សាត់)៖ សមត្ថកិច្ចក្រុងពោធិ៍សាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បានឃាត់ខ្លួនអតីតមន្ត្រីពន្ធនាគារម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង នៅក្រុងពោធិ៍សាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុងពោធិ៍សាត់ បានឲ្យដឹងថា ករណីលួចម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០៖៩០នាទីព្រឹក នៅមុខបន្ទប់ថ្នាក់រៀនសាលាសុភី ស្ថិតក្នុងភូមិដប់បាតសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ជិន ផល្លា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកស្តីសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរគ្រូបង្រៀន។ ជនសង្ស័យ ឈ្មោះ ជា ស័ក ភេទប្រុស អាយុ២៨ឆ្នាំ អតីតមន្ត្រីមណ្ឌលអប់រំកែប្រែទី៤ ដែលត្រូវបណ្តេញចេញពីក្របខណ្ឌ រស់នៅភូមិប្រហោះក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍ដដែល បានឲ្យដឹងបន្តថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ជា ស័ក បានយកកូនមកចុះឈ្មោះរៀន និងបានទុកម៉ូតូរបស់ខ្លួននៅក្នុងសាលាសុភី ហើយយកម៉ូតូជនរងគ្រោះឈ្មោះ ជិន ផល្លា ម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1C4898 ។ បន្ទាប់មកជនសង្ស័យបានដោះស្លាកលេខទុក នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លុះព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កម្លាំងស្រាវជ្រាវបានចាប់ជនសង្ស័យនៅផ្ទះម្តាយខ្លួន ស្ថិតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ជនសង្ស័យត្រូវបានឃាត់ខ្លួន តាមបញ្ជាលោកព្រះរាជអាជ្ញា និងត្រៀមរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕