(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងថា កម្ពុជានឹងទទួលរងវិសម្ពាធ TD មួយដែលកើតឡើងនៅក្នុងឈូងសមុទ្រថៃ នៅវេលាម៉ោង១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

បើតាមក្រសួងធនធានទឹក ឥទ្ធិពលរបស់វិសម្ពាធនេះ នឹងធ្វើឲ្យតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់មានល្បឿនពី១៧-១៩ម៉ែត្រ ក្នុងមួយវិនាទី។ រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ពិសេសនៅថ្ងៃទី២០-២១ ខែតុលា។

ដោយឡែក តំបន់ទំនាបកណ្ដាល ពិសេសខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ហើយតំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕​