(ព្រះសីហនុ)៖ ខេត្តយូណាន់ ជាខេត្ដមួយ​នៃប្រទេសចិន ដែលបានចងសម្ព័ន្ធមេត្រីជាមួយខេត្ដព្រះសីហនុ បាននឹងបន្តពង្រឹងកិច្ចសហប្រតិបត្ដិការ និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ឲ្យកាន់តែច្រើនថែមទៀត។ ដោយមើលឃើញថា ខេត្តព្រះសីហនុ មានសក្តានុពល និងសក្តិសមបំផុតសម្រាប់សហប្រតិបត្តិការ ក្នុងការវិនិយោគ​ធ្វើក្រុមហ៊ុន Yunnan Hui He Group ដ៏ធំមួយនេះ ចូលមកចុះអនុ​ស្សារណៈយោគយល់គ្នា​​ ជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

ពិធីចុះអនុស្សារណៈយោគយល់គ្នា​​រវាង ក្រុមហ៊ុន Yunnan Hui He Group របស់ខេត្តយូណាន់ ប្រទេសចិន និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក យន្ដ មីន អភិបាលខេត្ត និងលោក Mo Fei នាយកក្រុមហ៊ុន។

លោក Mo Fei នាយកក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងវិនិយោគសួនឧស្សហកម្មថាមពលថ្មី នៅខេត្តព្រះសីហនុ នូវគម្រោងផែនការបឋម គឺបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយកំដៅព្រះអាទិត្យ អំពូលភ្លើង LED និងសម្ភារអគ្គីសនីផ្សេងៗ។

លោក យន្ត មីន ក៏បាន​សំដែងការស្វាគមន៍ចំពោះអ្នកវិនិយោគស្របច្បាប់ទាំងអស់ មកពីគ្រប់បណ្តារប្រទេស ដែលចង់មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ហើយក្នុងនាមរដ្ឋបាលខេត្ត នឹងការពារយ៉ាងគត់មត់ដោយយកច្បាប់ជាគោល។

តាមរយៈគម្រោងនេះ នឹងផ្តល់ឱកាសការងារបាជាច្រើនកន្លែងទៀតដល់ពលរដ្ឋកម្ពុជា ដោយជាការកត់សំគាល់រយៈកាលពីរឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក។

សភាពបែបនេះ លោកអភិបាលខេត្ត ប្រៀបប្រដូចទៅនឹងផ្ទះដែលកំពុងសាងសង់បណ្តើរ និងរស់នៅបណ្តើរ។ តែទោះជាបែបនេះក្តី លោក​រំពឹងថា ស្ថានភាពបែបនេះនឹងល្អប្រសើរឡើងគ្រា ដែលអាជ្ញាធរដែនដីកំពុងពង្រឹងការរៀបចំគ្រប់គ្រងយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ៕