(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ចាម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យមន្ដ្រីថ្នាក់ដឹកនាំ និងរាជការទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម បន្ដរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី អញ្ជើញចូលរួមធ្វើអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយមន្ដ្រីថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ យុវជន នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមជាង៣០០នាក់ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ។

ពិធីសំណេះសំណាល ជាមួយមន្ដ្រីថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ យុវជន នៅស្រុកជើងព្រៃនេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមផងដែរ។

ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារ គណៈកម្មាធិការកណ្ដាល និងក្នុងនាមក្រុមការងារ ខេត្តកំពង់ចាម ដែលចុះជួយស្រុកជើងព្រៃទាំងអស់ ត្រូវមានគំនិតថា ត្រូវអ្វីមួយ ដើម្បីជាតិ និងដើម្បីគណបក្សមូលដ្ឋាន សម្រាប់ទុកជាអនុស្សាវរីយ៍ ឲ្យក្មេងៗជំនាន់ក្រោយ។

ជាក់ស្ដែង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានសម្ពោធដាក់ប្រើប្រាស់ នូវអណ្ដូងស្នប់ចំនួន១០អណ្ដូង នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ នៅទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសម្ពោធនោះ លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ នូវអណ្ដូងស្នប់ទាំង១០នេះ ក្រុមការងារនឹងបន្ដជីកស្រះ អណ្ដូង ឲ្យតែកន្លែងណាមានដី ជីកបានទឹកល្អ គឺជីកស្រះជូនប្រជាពលរដ្ឋ ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ហើយនឹងពិនិត្យលទ្ធភាពបន្ដទៀត អាចនឹងជីកអណ្ដូងបន្ថែមមួយទៀត នៅឃុំទាំង១០ នៃស្រុកជើងព្រៃ ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ បានលើកឡើងថា «ក្នុងនាមជាតំណាងរាស្ដ្រ គឺត្រូវបម្រើរាស្ដ្រ ជួយដោះស្រាយ សុខទុក្ខគ្រប់បែបយ៉ាងទាំងអស់ ជៀសវាងតែប្រព្រឹត្ដខុសច្បាស់តែប៉ុណ្ណោះ គឺយើងនឹងនៅជាមួយ ពុកម៉ែបងប្អូនទាំងអស់ ដើម្បីបន្ដជួយឲ្យអស់លទ្ធភាព»៕