(ប្រ៊ុចសែល, ប៊ែលហ្សិក)៖ ថ្លែងចេញពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ឱ្យចេះអៀនខ្មាស់ចំពោះខ្លួនឯងផង ហើយមិនត្រូវចេះតែប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជិត១០០០នាក់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ដល់គណបក្សប្រឆាំងនេះថា ចេះតែប្រៀបធៀបជាបន្តបន្ទាប់ ដោយមិនយល់អំពីស្ថានភាពខ្លួនឯច្បាប់។ ម្តងប្រៀបធៀបទៅនឹងអ្នកនេះ ម្តងប្រៀបធៀបទៅនឹងអ្នកនោះ ដូចជាករណី លោក សម រង្ស៊ី ប្រៀបធៀបខ្លួនឯងទៅនឹង លោកស្រី អ៊ុងសាន ស៊ូជី កាលពីពេលឈ្នះឆ្នោតជាដើម ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្ស លោកស្រី អ៊ុងសាន ស៊ូជី មានបញ្ហា បែរជាទណ្ឌិត សម រង្ស៊ី មិនបានធ្វើការប្រៀបធៀបនឹងខ្លួនលោកបន្តទៀតទៅវិញ។

សម្តេចតេជោ ហ៊ុន សែន​៖ «ឥឡូវគាត់ (សម រង្ស៊ី) ដូចជាមិនយក អ៊ុងសាន ស៊ូជី ទៅធ្វើជាដៃគូទៀត។ ខ្ញុំបើកមើលថ្ងៃមុន គាត់ទៅជាថា លោក ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ដោយសារតែ ឃើញប្រធានាធិបតីកូរ៉េ៣នាក់ត្រូវជាប់គុក»

សម្តេចបានបន្តទៀតថា «កាលពីមុន ពេល អ៊ុងសាន ស៊ូជី ឈ្នះនៅឯភូមា វាមកប្រៀបធៀបជាមួយឯង។...ឥឡូវពេល អ៊ុងសាន ស៊ូជី ត្រូវបានគេដាក់ជា (​របបអំពើប្រល័យពូជសាសន៍)នោះ អត់ឃើញនិយាយពី អ៊ុងសាន ស៊ូជី តទៅទៀត។ វាទៅជាយើងជួយការពារអ៊ុងសាន ស៊ូជី ទៅវិញ។ អញ្ចឹងអាម្នាក់នេះ ឱ្យតែឃើញរបស់គេ គឺទៅយកមកប្រៀបធៀបនឹងខ្លួនវាតែម្តង ឱ្យចេះខ្មាស់គេផង អាអន្ទិត»

សូមបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាម៉ា ក្រោមការដឹកនាំរបស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី កំពុងតែមានបញ្ហាធ្ងន់ធ្ងរ ដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាងសហគមន៍អន្តរជាតិ។ នាថ្មីៗនេះ ប្រធានក្រុមអ្នក​ស៊ើបអង្កេតនៃអង្គការ​សហប្រជាជាតិ (UN) ចោទ​ប្រកាន់ថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស លោកស្រី អ៊ុងសាន ស៊ូជី ​បានប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ប្រឆាំងនឹងជនជាតិដើម​ភាគតិចរ៉ូហ៊ីងយ៉ាផងដែរ៕