(ក្រចេះ)៖ ទេសរដ្ឋមន្រ្តី​ គន់​ គីម​ បាន​នាំយកប័ណ្ណបេឡាសន្តិសុខសង្គម​ សម្រាប់ការព្យាបាលជំងឺដោយឥតគិត​ថ្លៃ របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាប្រធាន​សមាគម​ ទៅចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា​ខេត្តក្រចេះ​ ចំនួន​៦៥៣នាក់​ ដែលពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើងនៅរសៀល​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៨​។

ក្នុងឱកាស​នោះ​លោកទេសរដ្ឋមន្រ្តី​ គន់ គីម បានពាំនាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសម្តេចតេជោ​ ហ៊ុន សែន ប្រធាន​សមាគម​ជូនដល់​បងប្អូន​សមាជិក​ ស​.អ​.ក​ យើង​ទាំងអស់​គ្នា​។ បន្ទាប់មក​លោកទេសរដ្ឋមន្រ្តី​ ក៏បានថ្លែងអំណរគុណដល់បងប្អូនសមាជិក​អតីត​យុទ្ធជន​យើង​ ដែល​បានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណក្សប្រជាជន​កម្ពុជា​។

ជាមួយគ្នានេះ អគ្គលេខាធិការ​សមគមរូបនេះ ក៏បានបញ្ជាក់ជូនបងប្អូនយើងអំពីសារសំខាន់ នៃ​ប័ណ្ណ​បេឡាសន្តិសុខសង្គម​ ដែល​ជាផ្នែកមួយ ​នៃលទ្ធផលក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ដែលដឹកនាំដោយ​សម្តេចតេជោ​ ហ៊ុន សែន។ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំឲ្យបងប្អូនយើង​ត្រូវ​បន្តនូវ​ប្រពៃណី​របស់ខ្លួន ធ្វើជាគំរូល្អនៅមូលដ្ឋានដែលខ្លួនរស់នៅ​ មានការអ្វីត្រូវរាយការណ៍ មកនាយប៉ុស្តិ៍រដ្ឋបាល​ ដែលជាប្រធាសាខា​សមាគម​ នៅថ្នាក់​ឃុំ​។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ការផ្តល់ប័ណ្ណសមាជិកបេឡាសន្ដិសុខសង្គម​នេះ គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយគាំពារសង្គម ដែលផ្តោតជាសំខាន់​លើការថែទាំសុខភាព ជូនអតីតយុទ្ធជនឲ្យទទួលបានសេវាពិនិត្យព្យាបាល តាមមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយជាតិ អតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលកម្ពុជា»

ជាមួយគ្នានោះ ​ថ្នាក់ដឹកនាំ​សមាគម​ គ្រប់ថ្នាក់ពេលទទួលបានសំណូមពរពីបងប្អូន ​ត្រូវ​ចាត់តាំងកម្លាំងចុះពិនិត្យ​ និងដោះស្រាយជូនពួកគាត់ភ្លាម។ តាមរបាយការណ៍របស់ សមាគមអតីត​យុទ្ធជន​ខេត្ត​ អគ្គលេខាធិការ​បានគោរពស្នើសុំសម្តេច​ប្រធាន​ និង​ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន ​អនុញ្ញាតឲ្យសាងសង់ផ្ទះជូនបងប្អូន​អតីត​យុទ្ធជន​ដែលមានជីវភាពខ្វះខាតចំនួន​១០ខ្នងបន្ថែម​ទៀត​ ដែល​ពីមុន​សម្តេច​បានផ្តល់ជូន​៤០ខ្នងរួចមក ហើយកំពុងសាងសង់។