(ក្រចេះ)៖ ករណីឃាតកម្មមួយបានកើតឡើង ដោយប្អូនថ្លៃយកកាំបិតផ្គាក់ ទៅកាប់បងថ្លៃមួយកាំបិតពីក្រោយចំកញ្ចឹង «ក» បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧៖៤៥នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍អាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន យ៉ត អាយុ៣១ឆ្នាំ រងរបួសដាច់កញ្ចឹង «ក» ខាងស្ដាំ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ឃាន ណាម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅផ្ទះជាមួយជនរងគ្រោះ នៅភូមិឃុំកើតហេតុខាងលើ។

តាមរបាយការណ៍បញ្ជាក់ថា ជនល្មើសបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ត្រូវជាបងថ្លៃខណៈពេល ដែលជនរងគ្រោះ កំពុងអង្គុយកិនម្សៅនៅលើគ្រែក្រោយផ្ទះបាយ ចំនួន១កាំបិតចំកញ្ចឹង «ក» ខាងស្ដាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានយកកាំបិតផ្គាក់ ជិះម៉ូតូទៅទិសខាងជើងរត់គេចខ្លួនបាត់។

មូលហេតុនៃរឿងនេះ ដោយសារកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានឈ្លោះគ្នាជាមួយប្អូនថ្លៃយ៉ាងខ្លាំង ដោយសារគោះទ្វារផ្ទះ តែជនសង្ស័យមិនបើកទ្វារឲ្យ ដែលធ្វើឲ្យជនរងគ្រោះខឹងយ៉ាងខ្លាំង និងបានទាញកាំបិតបបួលប្អូនថ្លៃកាប់គ្នា តែមិនបង្កើតហិង្សាឡើយ។ លុះដល់ថ្ងៃទី២០ថ្ងៃនេះ ប្អូនថ្លៃបានយកកាំបិតកាប់បងថ្លៃ ពីក្រោយចំកញ្ចឹង «ក» បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយពីទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់៕