(ព្រះសីហនុ)៖ លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ខេត្តព្រះសីហនុ​កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដោយប្រជាពលរដ្ឋខ្វះខាតទឹក ពី៤ទៅ៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃៗ។

ថ្លែងបញ្ជាក់មកអង្គភាពសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ លោក ផន រតនៈ បានឲ្យដឹងបន្ថែមថា មូលហេតុនៃការខ្វះខាតទឹកស្អាតប្រើប្រាស់នេះ ​ដោយសារការអភិវឌ្ឍ និងការវិនិយោគយ៉ាងគំហុក នាមួយរយៈកាលចុងក្រោយនេះ។

លោកប្រធានរដ្ឋាករទឹកបានបន្តថា ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងនេះ រាល់ថ្ងៃរដ្ឋាករទឹកបានទិញពីក្រុមហ៊ុន​អានកូ ចំនួន៩៥ភាគរយ​ និងផលិតខ្លួន​ឯង​ចំនួន៥ភាគរយ ​ហើយក្រុមហ៊ុនអានកូ​បានផលិតទឹកស្អាត ដែល​យកទឹកធម្មតាពីតំបន់ក្បាលឆាយ​។ លោកបន្តថា ក្នុងមួយថ្ងៃអង្គភាពរដ្ឋាករទឹក បានចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣២,០០០ម៉ែត្រគូប ​ខណៈ២៦,០០០ម៉ែត្រគូប ទិញពីក្រុមហ៊ុនអានកូ និង៦,០០០ម៉ែត្រគូប រដ្ឋាករទឹកខេត្តផលិតដោយខ្លួនឯង តែចំនួននេះនៅតែមិនគ្រប់តាមតម្រូវការ​របស់ប្រជាពលរដ្ឋនោះទេ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមហ៊ុន អានកូ​ បានប្រឹងប្រែងរកវិធី ក៏ដូចជា វិធានការណ៍ដើម្បីដោះស្រាយ បញ្ហាខ្វះខាតទឹកស្អាតនេះយ៉ាងខ្លាំងផងដែរ។ ជាក់ស្តែងកាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លោកបានដឹកនាំមន្ត្រី ចុះទៅប្រជុំជាមួយក្រុមហ៊ុនអានកូនដោយផ្ទាល់។ នេះជាការបញ្ជាក់បន្ថែមពីលោក រតនៈ។

ជាលទ្ធផលក្រុមហ៊ុន​បានសន្យាថា នឹងប​ង្កើតរោងចក្រផលិតទឹកស្អាត ដែលអាចផលិតទឹក៦០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃៗ ឲ្យបានក្នុងឆ្នាំ២០១៨នេះតែម្តង។ បើតាមប្រធានអង្គភាពរដ្ឋាករទឹករូបនេះ ទីកន្លែងដែលខ្វះខាតទឹកស្អាត ភាគច្រើនជាតំបន់លើភ្នំ និងខ្លះមកពីក្រុមហ៊ុនធំៗបានប្រើម៉ូទ័របូមខ្លួនឯង ធ្វើឲ្យទឹកមិនអាចហូរចូលពេញបាក់សាំងបាន។

តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋក្នុងខេត្តព្រះសីហនុ​ ក៏បានឲ្យដឹងថា​ ពួកគាត់មានការពិបាកខ្លាំងណាស់ រឿងខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់នេះ ដោយសារពេលខ្លះទឹកចេញតិចៗ និងពេលខ្លះទៀតដាច់ទឹកតែម្តង៕