(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យដោយផ្ទាល់ នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់មួយចំនួន ដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខណ្ឌទាំង២នេះ។

ពាក់ព័ន្ធនិងកិច្ចការងារនេះលោក ឃួង ស្រេង បានដើរមើលប្រព័ន្ធលូតាមបណ្តាយផ្លូវសហព័ន្ធរុស្សីចាប់ពីផ្លូវ២០១១ ដល់ដងន័ង្គល និងបន្តទៅមើលប្រឡាយទួលសំពៅ ស្ថិតក្នុងតំបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ប្រឡាយទួលសំពៅមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី១ ទី២ ទី៣ ខណ្ឌពោធិ៍សែនជ័យ និងតំបន់មួយចំនួន នៅក្នុងខណ្ឌសែនសុខ ដូចជា ភូមិដំណាក់ សង្កាត់គោកឃ្លាង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ជាដើម។

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន នៅចំណុចខាងលើនេះ ក៏ទទួលរងផលប៉ះពាល់ដែរពីជំនន់ទឹកភ្លៀងនេះ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មានការខ្វល់ខ្វាយ និងគិតគូពីបញ្ហានេះដើម្បីរកវិធានការរំដោះទឹកចេញក្រៅភូមិសាស្ត្រ ឲ្យមានប្រសិទ្ធភាព។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យក្រុមហ៊ុនដូនពេញដែលទទួលម៉ៅការដាក់ប្រព័ន្ធលូ នៅចំណុចដងនង្គល័លើកំណាត់ផ្លូវសហពន្ធ័រុស្ស៊ី ឲ្យកែលំអរលក្ខណៈបច្ចេកទេស នៃការរៀបអណ្តូងលូដើម្បីធានា ឲ្យទឹកហូរបាន និងទាន់ពេលវេលា។

មន្ត្រីផ្នែកលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅតំបន់នេះ ប្រព័ន្ធលូបានភ្ជាប់គ្នាអស់ហើយ។ តែចំណុចត្រូវដោះស្រាយបន្តគឺ ការស្តារប្រឡាយចំការឪឡឹក និងប្រឡាយទួលសំពៅឲ្យបានជាប់គ្នា ដើម្បីនាំទឹកទៅកាន់ស្ថានីយ៍បូមទឹក ទួលសំពៅឲ្យបានទាន់ពេលវេលា។

បច្ចុប្បន្ន ប្រឡាយទួលសំពៅ, ប្រឡាយតាំងក្រសាំង បានទទួលរងការរំលោភបំពាន, ការចាក់ដីលប់, ការបោះសំរាមចូលប្រឡាយ និងមានស្មៅ និងរុក្ខជាតិផ្សេងៗ ដុះយ៉ាងច្រើនលើពោះប្រឡាយ ដែល ជាមូលហេតុចំបង១ធ្វើឲ្យប្រឡាយគោករាក់ ទឹកហូរមិនទាន់ដែលទាមទាឲ្យមានការស្តារ និងកែលំអរឡើងវិញ។

លោកអភិបាល បានណែនាំឲ្យមានការឆែកមើលឡើងវិញទាំងអស់ ប្រព័ន្ធលូនៅចំណុចដែលមានការស្ទះទឹក និងស្តារប្រពន្ធ័លូ ចាស់, ដាក់ប្រពន្ធ័លូថ្មី។ លោកអភិបាល ក៏បានណែនាំផងដែរ ឲ្យបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ជាមួយស្ថាបន័ពាក់ព័ន្ធ និងអាជ្ញាធរដែនដីដើម្បីរិះរកវិធានការឲ្យមានប្រសិទ្ធភាព ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅចំណុចខាងលើនេះ។ ក្នុងការរៀបចំដាក់ប្រពន្ធ័លូនេះ អាជ្ញាធរត្រូវតែម៉ត់ចត់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ តាមការងារជាក់ស្តែង និងត្រូវវះកាត់ខ្លះទើបការងាររំដោះទឹកនេះសំរេចបានជោគជ័យ។

គួបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រួមជាមួយមន្ទីរសាធារណការ បានដំណើរការស្តារប្រឡាយទួលសំពៅ ដែលជាប់ភូមិសាស្ត្រខណ្ឌទាំង២។ ប្រឡាយទួលសំពៅនេះ មានតួនាទីសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀង ចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់ជុំវិញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ មានគំរោងសាងសង់ស្ពានកាត់ទទឹងប្រឡាយទួលសំពៅចំនួន៥កន្លែង ដែលជាការជួយសំរួលចរន្តទឹកឲ្យហូរបានលឿន។ ស្របពេលនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូន បានលើកសំណើរទៅសាលារាជធានីភ្នំពេញ ដើម្បីដំណើរការស្តារប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងទំពន់ ដែលស្ថិតក្នុងការថែទាំជាប្រចាំប្រឡាយ ដែលមានសារសំខាន់ក្នុងការរំដោះទឹក នៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញផងដែរ៕