(ក្រចេះ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ អញ្ជើញ​ចុះពិនិត្យមើលការសាងសង់ផ្ទះ៤០ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន សែន នៅភូមិ​សំបួរសែនជ័យ ឃុំ​ស្វាយជ្រះ​ ស្រុកស្នួល​ ខេត្ត​ក្រចេះ។

​ក្នុងឱកាស​នោះ​ ទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសសើរចំពោះថ្នាក់ដឹកនាំ​ សមាគមអតីតយុទ្ធជនខេត្ត ដែលបាន​ខិតខំ​ឈូសឆាយដីបែងចែកជាឡូត៍​ ខួងអណ្តូងទឹកនិងសាងសង់ផ្ទះអំណោយរបស់​សម្តេច​តេជោ ហ៊ុន សែន បានមួយចំនួន ហើយនិងកំពុងបន្តសាងសង់តាមផែនការ។

​ ជាមួយគ្នានេះ​ លោក​ទេសរដ្ឋមន្រ្តី​ ក៏បានក្រើនរំលឹកក្រុមជាងឲ្យយកចិត្តទុកដាក់ពីគុណភាពក្នុងការសាងសង់​ និងជំរុញថ្នាក់ដឹកនាំ​ សមាគមអតីតយុទ្ធជនស្រុក ខេត្ដត្រូវចុះពិនិត្យមើលបងប្អូនដែលគ្មានដីគ្មានផ្ទះ បើពួកគាត់ព្រមមកនៅទីនេះ​ យើងរៀបចំដីជូន​ នឹងគោរពស្នើសុំសម្តេចតេជោ​ សង់ផ្ទះជូនជាបន្តទៀត៕