(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ​នៅ​សាកល​វិទ្យាល័យ​ខេមរៈ បាន​ស្នើឲ្យមន្ត្រីរាជបណ្ឌិត្យសភា សហការជាមួយក្រសួងធម្មការ​​ និងសាសនា ដើម្បីស្រាវជ្រាវបង្កើតច្បាប់ស្តីពី «វិន័យសង្ឃ» ដោយសារមានព្រះសង្ឃជាច្រើន បានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា។

លោកបណ្ឌិតបានថ្លែងបែបនេះ ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​សាលា​សិក្ខា​ជាតិមួយស្តីពី «សង្គតិភាពព្រះពុទ្ធសាសនា ដើម្បីពង្រីកនិងអភិវឌ្ឍន៍ពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន» កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោក សុខ ទូច បានថ្លែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះលោកស្នើឲ្យមន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា គួរសហការជាមួយក្រសួងធម្មការ ដើម្បីរៀបចំច្បាប់ស្តីពី «វិន័យសង្ឃ» ដាក់ស្នើរដ្ឋសភាជាតិពិនិត្យ និងអនុម័ត។

ប្រធានរាជបណ្ឌិត្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា​ «អញ្ចឹងកន្លែងនេះ ចង់ផ្តល់ឲ្យក្រសួងធម្មការនិងរាជបណ្ឌិត្យសភា ត្រូវសិក្សា។ ត្រូវសិក្សាធាតុចូល និងធ្វើសំណើច្បាប់ទៅរដ្ឋសភា ព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ត្រូវអនុម័តនៅក្នុងសភា»

សម្រាប់លោកសាស្ត្រាចារ្យ សុខ ទូច ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ​ព្រះពុទ្ធសាសនា ភាគច្រើន​ជា​អ្នកបួស​ដែល​មិនមាន​ការរៀនសូត្រ​ ពី​វិន័យ​ព្រះពុទ្ធសាសនា​ត្រឹមត្រូវ​។ លោកថា ស្ថានភាព​ក្នុង​វត្ត​អារាម មិនទាន់មាន​ស្ថានភាព​ល្អប្រសើរ​ឡើយ​ ហើយការប្រព្រឹត្ត​ខុស​របស់​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ដោយសារតែ​មិន​យល់​ពី​ព្រះ​វិន័យ​។

លោកបានបញ្ជាក់​បន្ថែមយ៉ាងដូច្នេះ​ថា​ «​ការពិត នៅក្នុង​វត្ត គេ​មានច្បាប់​ត្រឹមត្រូវ ហើយ​ដើរ​តាម​ធម៌​ព្រះពុទ្ធ​។ ខ្ញុំ​ជឿជាក់ថា ខ្លាំង​ជាង​រដ្ឋធម្មនុញ្ញ​ទៅទៀត​។ យើង​ឃើញថា​វត្ត​នៅ​កម្ពុ​ជាមាន​ច្រើន ហើយ​អ្នកបួស​ក៏​ច្រើន ប៉ុន្តែ​គ្រាន់តែ​អ្នកបួស​ខ្លះ​មាន​ភាព​វ័យក្មេង ដែល​ព្រះអង្គ​មិនទាន់​ចេះ​លាងដៃ​ផង ទៅ​បួស ហើយ​ទន្ទេញធម៌​ផង ទោះបី​ព្រះអង្គ​ចេះ​ក៏​ព្រះអង្គ​ពិបាក​យល់​ដែរ​»​។ 

លោកបានបន្តថា «​ខ្ញុំ​បាន​ចុះ​ស្រាវជ្រាវ​លើ​វត្ត​មួយ ហើយ​ឃើញ​មានកូន​នេន​ជាង​២០០​អង្គ កំពុងតែ​លេង​ហ្គេម ហើយ​ដល់​ម៉ោង​បិណ្ឌបាត ក៏​នាំគ្នា​ទៅ​បិណ្ឌបាត​។ ដូច្នេះ​ក្នុងនាម​ជា​ពុទ្ធបរិស័ទ​ក៏ត្រូវ​មាន​តួនាទី​ធ្វើការ​កែតម្រូវ នូវ​អំពើ​ខុសឆ្គង​របស់​ព្រះសង្ឃ​ដែរ​»​។

លោក សុខ ទូ​ច បានគូសបញ្ជាក់ដែរថា លោកមិនអាច​ចាត់វិធានការ​ លើ​រឿង​ដែល​ព្រះសង្ឃ​បាន​ប្រព្រឹត្ត​ខុស​នោះទេ មានតែ​ទុក​តួនាទី​នេះ​ទៅខាង​ក្រសួង​ធម្មការ និង​សាសនា​ ជា​អ្នកចាត់ចែង​វិញទៅទៅ​ចុះ​។

​សូមបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាយើង មាន​វត្ត​អារាម​ចំនួន​ជិត​៥​ពាន់ និង​មាន​ព្រះសង្ឃ​ជាង​៦,៦​ម៉ឺន​អង្គផងដែរ៕​