(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ម៉ើង លីដា អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ ដែលជាប់ពាក់ព័ន្ធបណ្តឹងលើករណីគម្រាមកំហែង យកកិត្តិនាមរបស់ភរិយាសម្តេចក្រឡាហោម ស ខេង ទៅបង្ខំលោកមេឃុំបិតត្រាំង ឈ្មោះ មាច ចាន់ ឱ្យចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជី ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីតុលាការ បានប្រាប់ភ្នាក់ងារយកព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែតុលានេះថា បុរសដែលយកឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមអាជ្ញាធរនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការសាកសួរ លោក វង់ ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធលើសំណុំរឿងគម្រាមកំហែង យកកិត្តិនាមរបស់ភរិយាសម្តេចក្រឡាហោម ស ខេង ទៅបង្ខំលោកមេឃុំ បិតត្រាំង ឈ្មោះ មាច ចាន់ ឱ្យចុះហត្ថលេខាលើពាក្យស្នើសុំចុះបញ្ជីដី។

ជនសង្ស័យមានឈ្មោះ ម៉ើង លីដា ស្នាក់នៅក្រុមទី១១ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួន នៅចំណុចក្នុងភោជនីយដ្ឋានតាឪ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕