(សៀមរាប)៖ ក្រុមហ៊ុនអគ្គិសនីមកពីប្រទេសជប៉ុនដ៏ធំមួយ មានមហិច្ឆិតាធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងវៃឆ្លាត និងកាន់តែមានសោភណ្ឌភាពនៅក្នុងពេលរាត្រី ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តខេត្តសៀមរាប តាមរយៈការដំឡើងអំពូលភ្លើងជុំវិញក្រុង។

គោលបំណងនេះ​ត្រូវបានបង្ហាញឡើង នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្នុងជំនួបពិភាក្សារវាងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ជាមួយលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុនមីនីបៀ លើកិច្ចពិភាក្សាលើកិច្ចដំណើរការអនុវត្តគម្រោង JCM នៅខេត្តសៀមរាប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ។

លោក Yoshihisa Kainuma បានធ្វើការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន មីនីបៀ ជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក បានដំណើរការទៅដោយទទួលបានលទ្ធផលល្អ។ លោកក៏បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្ត ដែលបានសហការក្នុងការដំឡើងបំពាក់អំពូលភ្លើងវៃឆ្លាត របស់ក្រុមហ៊ុន មីនីបៀ បានរួចរាល់ក្នុងឆ្នាំ២០១៨នេះ ព្រមទាំងបានជួយសម្របសម្រួល ក្នុងការរៀបចំឲ្យក្រុមការងារ ទទួលបានខ្សែភ្លើងតភ្ជាប់ទៅនឹងប្រព័ន្ធ វ៉ាយឡេះ បញ្ជូនទៅអំពូលវៃឆ្លាតផងដែរ។

លោកបានលើកគម្រោង និងកញ្ចប់ថវិកាក្នុងការចំណាយប្រចាំឆ្នាំ និងក្នុងការរៀបចំធ្វើការពង្រីកបណ្តាញប្រព័ន្ធអំពូលភ្លើងវៃឆ្លាត នៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប។ ក្នុងនោះដែរក៏ មានការបង្ហាញអំពីបច្ចេកទេស និងការបំពាក់អំពូលវៃឆ្លាត របស់ក្រុមជំនាញបច្ចេកទេសក្រុមហ៊ុនមីនីបៀ ព្រមទាំងបានលើកឡើង អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំពូលភ្លើងប្រភេទ LED ឬអំពូលវៃឆ្លាតបំភ្លឺសាធារណៈ នៅតាមដងផ្លូវ វិថីនានាក្នុងក្រុងទេសចរណ៍ដ៏ស្រស់ស្អាត ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងការបំពុលបរិស្ថាន ព្រមទាំងបម្រើដល់ការងារសន្តិសុខ។

លោកបានបន្តទៀតថា ការប្រើប្រាស់អំពូលភ្លើងវៃឆ្លាតនេះ និងធ្វើឲ្យក្រុងប្រវតិ្តសាស្ត្រមួយនេះ ក្លាយជាក្រុងវៃឆ្លាត និងកាន់តែមានសោភណ្ឌភាពសម្រសស្រស់ស្អាត នៅក្នុងពេលរាត្រី ដើមី្បទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។

លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា អត្ថប្រយោជន៍ នៃផលិតផលអំពូលភ្លើងបំភ្លឺសាធារណៈប្រភេទ LED របស់ក្រុមហ៊ុនមីនីបៀ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នកាបូនិចក្នុងក្រុង ហើយខេត្តបានស្មើសុំអំពូលប្រភេទ LED ចំនួន១៩៥០គ្រាប់ ដើមី្បបំពាក់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុង ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ លោកថា ខេត្តនឹងរួមសហការជាមួយក្រុមហ៊ុន មីនីបៀ ក្នុងការពង្រីកបណ្តាញប្រព័ន្ធថ្មី ទៅតំបន់ក្រុងរណបផងដែរ។

លោកបានបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនថា ចំពោះគម្រោងដែលក្រុមហ៊ុនបានលើកឡើងនាពេលនេះ ខេត្តនឹងយកទៅធ្វើការពិចារណា និងសិក្សាឲ្យល្អបំផុត។ ចំពោះលើការចំណាយការប្រើប្រាស់អំពូលភ្លើងបំភ្លឺសាធារណៈនោះ គឺមិនចោទជាបញ្ហា អ្វីចំពោះខេត្តឡើយ។

លោកអភិបាលខេត្តបានបន្តថា គម្រោងទាំងនេះ នឹងធ្វើឲ្យក្រុងប្រវត្តិសាស្ត្រមួយនេះ កាន់មានសោភណ្ឌភាព និងភាពលី្បល្បាញនៅក្នុងតំបន់ និងលើពិភពលោក។ ម៉្យាងទៀតភ្លើងបំភ្លឺនៃអំពូលវៃឆ្លាតនេះ មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ គឺជួយដល់ផ្នែកសន្តិសុខនៅពេលរាត្រី និងធាននូវសុវត្ថិភាពចរាចរណ៍ទៀតផង។

លោកអភិបាលខេត្ត ក៏បានលើកផងដែរ អំពីបញ្ហាកាំម៉ារ៉ាសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន សំខាន់ទីប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍នាពេលរាត្រី។ លោកថានឹងបន្តកិច្ចសហប្រតិបត្តិការជាដៃគូ នឹងក្រុមហ៊ុន មីនីបៀ ជាមួយគ្នាបន្តទៀត៕