(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ​ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដធុនតូច៤គ្រឿង, រថយន្ដធុនធំ៤គ្រឿង, កង់១គ្រឿង និងថ្មើរជើង០នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, កត្ដាយានយន្ដ, ​​មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ និងងងុយដេក។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២១០លើក បណ្ដាលឲ្យមនុស្សសា្លប់១១៦នាក់, របួសធ្ងន់២៤៧នាក់ និងរបួសស្រាល១០៦នាក់៕