(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងឲ្យដឹងថា ពេលដែលប្រជាជនយើង សុខសប្បាយ គណបក្សប្រជាជនក៏នៅជាមួយ ពេលមានការខ្វះខាត ឬជួបទុក្ខលំបាក ក៏នៅជាមួយ ជួយដោះស្រាយរាល់បញ្ហាដែលជួបប្រទះរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទៅណាចោលបងប្អូនខ្មែរយើងឡើយ ខ្មែរត្រូវចេះស្រលាញ់ និងជួយខ្មែរគ្នាឯង ។

តំណាងរាស្ដ្រកំពង់ចាម បន្ដថា «វាខុសពីគណបក្សផ្សេងៗ ដើរតែសន្យា ដើរស្រែជេរ រាជរដ្ឋាភិបាល ដើរទប់ស្កាត់បរទេសមិនឲ្យផ្ដល់ជំនួយ និងញ៉ុះញុងដល់បរទេស មិនឲ្យទិញសម្លៀកបំពាក់ ដែលកម្មករយើងកាត់ដេរ ហើយរាល់ទំនិញរបស់ខ្មែរយើង ដែលបានយកទៅលក់នៅបរទេសហ្នឹង គឺអតីតគណបក្សប្រឆាំង ទៅទប់ស្កាត់ មិនឲ្យបរទេសទិញទំនិញរបស់កម្ពុជានោះឡើយ គឺមិនឲ្យមានការវិនិយោគ ធ្វើរោងចក្រសហគ្រាសនៅស្រុកខ្មែរ មិនឲ្យទិញផលិតផលខ្មែរ នេះហើយជាសារជាតិរបស់គណបក្សប្រឆាំង»។

នេះជាគោលដៅរបស់បក្សប្រឆាំង ដើម្បីឈ្នះ បានដឹកនាំប្រទេស គឺត្រូវតែបំផ្លាញខ្មែរសិន ធ្វើមិចឲ្យខ្មែរវិនាស ឲ្យខ្មែរមានសង្គ្រាម គាត់ហ្នឹងសប្បាយចិត្ដហើយ នឹងជាជោគជ័យរបស់គាត់ នៅពេលដែលខ្មែរត្រូវរលាយ ជួបសង្គ្រាម បែកក្រុមគ្រួសារ ។លោកបណ្ឌិត ម៉ាឈឿន បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ប្រើប្រាស់ អណ្ដូងស្នប់ចំនួន១០ អណ្ដូង នៅស្រុកជើងព្រៃ ជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ។

លោកបណ្ឌិត ម៉ាឈឿន ថ្លែងទៀតថា «សារជាតិរបស់គណបក្សប្រជាជនកម្ពុជា គឺគិតតែកសាង ការពារសន្ដិភាព មិនឲ្យមានសង្គ្រាម ធ្វើយ៉ាងណាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដើម្បីដោះស្រាយជីវភាពរបស់ប្រជាជនយើង ឲ្យមានជីវភាពកាន់តែប្រសើរ»។

លោកបណ្ឌិតម៉ាឈឿន ថ្លែងទៅកាន់ប្រជាពលរដ្ឋទៀតថា «ជាក់ស្ដែងថ្ងៃនេះ យើងសម្ពោធដាក់ប្រើប្រាស់នូវអណ្ដូងស្នប់ទាំង១០នេះ ហើយក្រុមការងារយើង នៅតែបន្ដ ជីកស្រះ អណ្ដូង ឲ្យតែកន្លែងណាមានដីជីកបានទឹកល្អ គឺជីកស្រះជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ហើយយើងខ្ញុំនឹងពិនិត្យលទ្ធភាពបន្ដទៀត អាចនឹងជីកអណ្ដូងបន្ថែមមួយទៀត នៅឃុំទាំង១០នេះ ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាតំណាងរាស្ដ្រ គឺត្រូវបម្រើរាស្ដ្រ ជួយដោះស្រាយ សុខទុក្ខគ្រប់បែបយ៉ាងទាំងអស់ ជៀសវាងតែប្រព្រឹត្ដខុសច្បាស់តែប៉ុណ្ណោះ គឺយើងនឹងនៅជាមួយពុកម៉ែបងប្អូនទាំងអស់ ដើម្បីបន្ដជួយឲ្យអស់លទ្ធភាព» ។

ក្នុងចំណោមប្រជាជនទំាង១០ឃុំ នៃស្រុកជើងព្រៃ លោកយាយ សឹង រស់នៅភូមិព្នៅលិច ឃុំព្រៃចារ បានសម្ដែងការត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្ដទុកដាក់ ជួយការលំបាករបស់កូនចៅប្រជាពលរដ្ឋយើង ។ពិសេសអណ្ដូងទឹកនេះ ដែលមានតំណាងរាស្ដ្រ លោកបណ្ឌិត ម៉ាឈឿន និងភរិយា លោកស្រី អ៊ុក ម៉ាលី ដែលតែងតែចុះមកមើលការខុសត្រូវជូនបងប្អូនយើងរហូត ឲ្យតែមានការខ្វះខាត លោកជួបបំពេញត្រូវតំរូវពួកយើងរហូត ។

លោកបន្ដថា អ្នកភូមិសប្បាយចិត្ដណាស់ ពេលបានអណ្ដូងនេះ ព្រោះជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ច្រើនណាស់ ដោយកន្លងមកតែងតែទិញទឹកគេរហូត ម្ដងមួយឡាន តម្លៃ២ម៉ឺនរៀល ។តែពេលនេះ បានទឹកប្រើប្រាស់ ពួកគាត់អស់លុយទិញទឹកទៀតហើយ ។

សូមជម្រាបថា អណ្ដូងស្នប់ចំនួន១០អណ្ដូង នៅស្រុកជើងព្រៃ មានទីតាំងនៅសាលាបុណ្យភូមិគោករវៀង ឃុំគោករវៀង ជម្រៅ៧០ម៉ែត្រ, នៅជាយខាងត្បូង វត្ដខ្នុរដំបងលិច ភូមិខ្នុរដំបង ឃ្មុំខ្នុរដំបង ជម្រៅ៥៣ម៉ែត្រ, នៅភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ជម្រៅ៤០ម៉ែត្រ, នៅភូមិតាសែន ឃុំសូទិប ជម្រៅ៤០ម៉ែត្រ, នៅភូមិព្នៅលិច ឃុំព្រៃចារ ជម្រៅ៤៦ម៉ែត្រ, នៅភូមិស្រាំលិច ឃុំស្រម៉រ ជម្រៅ៤៩ម៉ែត្រ ,នៅត្រពាំងគរ ឃុំត្រពាំងគរ ជម្រៅ៦១ម៉ែត្រ, នៅភូមិប្របឹង ឃុំស្ដើងជ័យ ជម្រៅ៤៦ម៉ែត្រ, នៅមុខសាលាឃុំសំពងជ័យ ជម្រៅ៥៦ម៉ែត្រ និងនៅភូមិព្រីជ្រុំ ឃុំព្រីងជ្រុំ ជម្រៅ៥០ម៉ែត្រ ។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ាឈឿន ក៏បានប្រគល់នូវ ឧបករណ៍សម្ភារៈបច្ចេកទេស ជូនដល់ក្រុមការងារបក្ស ដើម្បីបំពេញកិច្ចការងារ កាន់តែរលូន រហ័សទាន់ចិត្ដ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕