(ប្រ៊ុសសែល, ប៊ែលហ្ស៊ិក)៖ ដូចការគ្រោងទុកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ ស្តីពី «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់ដោះស្រាយបញ្ហាប្រឈមសកល» ក្រោមប្រធានបទ «កសាងអនាគតជាមួយគ្នា៖ ការលើកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព» បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃបណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងយោបល់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក។

នៅក្នុងរបៀបវារៈដែលបានគ្រោងទុក ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី-អឺរ៉ុប បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើចំណុចមួយចំនួននៃប្រធានបទពិភាក្សា រួមមាន៖ របៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនិងគោលដៅអាទិភាពទាំង១៧ បានផ្តល់នូវក្របខណ្ឌសម្របសម្រួលរួមមួយ សម្រាប់គ្រប់ប្រទេសរួមគ្នាដោះស្រាយ លើបញ្ហាប្រឈមសកលសំខាន់ៗ ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់ប្រទេសនីមួយៗ ក្នុងការជំរុញកំណើន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមធម៌យ៉េនឌ័រ និងការផ្តល់សិទ្ធអំណាចដល់ស្រ្តី ជាពិសេសការរក្សាសន្តិភាព និងស្ថេរភាព និង ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន សំខាន់បំផុតទាមទារឲ្យមានសន្តិភាព និងសន្តិសុខជាមុន និងទី៣សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។

មេដឹកនាំទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃការតភ្ជាប់អាស៊ី-អឺរ៉ុប ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងវិស័យថ្មីៗទៀត ដូចជាវិស័យពន្ធដារ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលគម្បីត្រូវផ្សារភ្ជាប់ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដោយមិនត្រូវទុកឲ្យនរណាម្នាក់ ត្រូវបានបោះបង់ចោលនោះទេ៕