(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានសហការគ្នាចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារជម្ពូវ័ន្ត ក្នុងនោះបានរកឃើញប្រហិតត្រីស្លាតមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ចំនួន២.៥០គីឡូក្រាម។ ក្រោយពីរកឃើញប្រហិតមានសារធាតុគីមីនេះហើយ មន្រ្តីកាំកុងត្រូលបានបន្តស្រាវជ្រាវរកប្រភពចែកចាយ និងផលិត។

កម្លាំងចម្រុះដែលប្រតិបត្តិការលើការងារនេះ មានមន្ត្រីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល រថយន្តពិសោធន៍ចល័ត មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារជម្ពូវ័ន្ត។

កម្លាំងសមត្ថកិច្ចចម្រុះបានអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមនឹងមុខច្បាប់ដល់អាជីវករ ដែលបាននាំយក និងទទួលមកដាក់លក់នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ជាដើម។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលក៏បានយកគំរូផលិតផលម្ហូបអាហារចំនួន ២០គំរូ ដូចជាផលិតផលគ្រឿងសមុទ្រ ​ប្រហិតគ្រប់ប្រភេទ ផ្អកម៉ាំ ប្រហុកជាដើម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

​ជាលទ្ធផល ក្រោយពីបានធ្វើការវិភាគបឋមនៅនឹងកន្លែង ដោយមន្ត្រីមន្ទីរពិសោធន៍ និងរថយន្តពិសោធន៍ចល័ត បានរកឃើញនៅក្នុងប្រហិតត្រីស្លាត មានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ចំនួន ២.៥០គីឡូក្រាម។ មន្ត្រីកាំកុងត្រូលបានធ្វើការតាមនីតិវិធី ដោយដកហូតយកទៅកម្ទេចចោល និងកំពុងស្រាវជ្រាវបន្តរកប្រភពចែកចាយផងដែរ៕