(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញការឈឺចាប់ និងហួសចិត្តខ្លាំង ចំពោះមនុស្សមួយក្រុមដែលលោកហៅថា ជាក្រុមមនុស្ស «ឈ្នះបានដី ចាញ់បានលុយ» ប្រមាណ ៤-៥នាក់ កំពុងនាំគ្នាប្រើល្បិចសាច់កម្មដណ្តើមយកដីរបស់លោកទំហំជាង ១ហិកតា ស្ថិតនៅក្នុងឃុំបិតត្រាំង​ ខេត្ត​ព្រះសីហនុ។

លោក សូ ម៉ារ៉ា បានលើកឡើងថា ដីជាង​ ១ហិកតា​នេះ ​ជាកម្មសិទ្ធិរបស់លោកមានប្លង់រឹង ដែលបានទិញ​ពី​ម្ចាស់ដើម​ឈ្មោះ​ រស់​ ទៀត​ តាំង​ពី​ឆ្នាំ​ ២០០៨​មកម្ល៉េះ​​។ មិនត្រឹមប៉ុណ្ណោះ​លោក បាន​ធ្វើរបង​ពទ្វ័​ជុំវិញ​ផង។

លោក បានលើកឡើងថា ស្រាប់តែរយៈប៉ុន្មានខែចុងក្រោយនេះ ពេលដែលលោករវល់ជាមួយការងារមិនបានទៅមើល ស្រាប់តែមានមនុស្ស ៤-៥នាក់ បានចេញមកយំស្រែកបង្ហោះតាមបណ្តាញសង្គម Facebook ថាជនរងគ្រោះត្រូវរូបលោករំលោភយកដី។

លោក សូ ម៉ារ៉ា បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមនុស្សមួយក្រុមនេះ ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពដណ្តើមដីរបស់លោកទាំងមិនមានឯកសារច្បាស់លាស់ទេនោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «អស្ចារ្យ​ណាស់​ ​សូមប្អូន ឬ​ក្មួយ​មេត្តា​ បញ្ឈប់សកម្មភាពបែបនេះទៅ​ ព្រោះប្រទេស​យើងមានច្បាប់​។ ក្នុងមួយជីវិតខ្ញុំ​នេះ​ខ្ញុំបាទ និងក្រុមគ្រួសារ​សាងតែធ្វើអំពើល្អ​ ធ្វើបុណ្យ​ដាក់ទាន​ សាងសង់សាលារៀន​ ជីកអណ្តូងទឹក​ ហើយតែងមានទឹកចិត្ត​ករុណាមេត្តាធម៌​ ដល់ប្រជាជនស្លួតត្រង់។ ខ្ញុំសង្ឃឹម​ថា ​ប្អូន ​ឬ​ក្មួយ ​នឹង​ស្ថិតនៅ​ក្នុង​ចំណោម​ប្រជាជនស្លូតត្រង់​ ដែលគួរឲ្យអាណិតស្រឡាញ់។ ចូរកុំភ្លេចថា​ ឈានមួយជំហានទៀត​ ក្មួយ ឬប្អូនត្រូវទទួលខុសត្រូវមុខច្បាប់​ហើយ​ ពេលនោះ​ប្អូន​ ឬក្មួយ​ជាអ្នកដែលដឹងច្បាស់ជាងគេ អ្វីដែលនឹង​កើតឡើង?»

ជាមួយការព្រមានឲ្យមនុស្សក្រុមនេះបញ្ឈប់ធ្វើសកម្មភាពលោក សូ ម៉ារ៉ា ក៏បានបង្ហាញឯកសារជាច្រើនពាក់ព័ន្ធនឹងការទិញដីខាងលើ ប្លង់កម្មសិទ្ធិ ព្រមទាំងលិខិតសុំច្បាប់ផ្សេងៗ ដើម្បីរបងព័ទ្ធជុំវិញដីរបស់ខ្លួនផងដែរ។ តាមរយៈឯកសារទាំងនេះ គឺបានបង្ហាញឲ្យឃើញពីភាពភាពស្របច្បាប់ជាម្ចាស់កម្មសិទ្ធិក្នុងការគ្រប់គ្រងលើនេះ៕