(ចិន)៖ កម្មវិធីដែលមានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលក្នុងប្រទេសចិន បានជួយស្រោចស្រង់ជនពិការ ឲ្យចាកផុតពីភាពក្រីក្រ និងមានជីវិតដែលប្រសើរឡើងវិញ។ ក្នុងថ្ងៃប្រារព្ធទិវាជាតិកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិន ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ការិយាល័យព័ត៌មាននៃរដ្ឋាភិបាលចិន បានរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយក្នុងទីក្រុងប៉េកាំង និងបានអញ្ជើញជនពិការមួយចំនួន ឲ្យមកចូលរួមចែករំលែកសាច់រឿង ដ៏ក្ដុកក្ដួលរបស់ពួកគាត់។

ក្នុងចំណោមជនពិការទាំងនោះ មានកសិករម្នាក់ គឺលោក លី ចៀន ដែលមានជីវិតធ្លាក់ដុនដាប ក្រោយពីបានបាត់បង់ដៃម្ខាងនៅពេលដែលគាត់ធ្វើការជាជាងភ្លើង។ ក្រោយមកបន្តិច មុខរបរដាំខ្ទឹមបារាំងរបស់គាត់ ក៏ខាតបង់ នាំឱ្យគាត់បាត់បង់ស្ទើរគ្រប់យ៉ាង។ នៅពេលដែលស្ថានភាពកាន់តែយ៉ាប់យឺន លោក លី ក៏បានលឺដំណឹងថារដ្ឋាភិបាលចិន អាចជួយដល់មុខរបរកសិកម្មរបស់គាត់បាន។

អស់រយៈពេល២ឆ្នាំកន្លងមកនេះ គាត់បានរៀនសូត្រអំពីជំនាញដាំដំណាំ និងចំនុចមូលដ្ឋានគ្រឹះអំពីផ្នែកទីផ្សារ។ ក្នុងឆ្នាំ២០១៦ គាត់អាចរកប្រាក់ចំនូលសរុប បាន១សែន៣ម៉ឺនយ័ន ពីការដាំខ្ទឹមបារាំងនិងដំណាំផ្សេងទៀត ព្រមទាំងបានទទួលភាគលាភពីកម្មវិធីមួយ ដែលផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំនូលទាបផងដែរ។

ជំនួយផ្នែកថវិកា និងផ្នែកបណ្តុះជំនាញ ដែលជាគោលការណ៍របស់រដ្ឋាភិបាលចិននេះ ក៏បានជួយដល់លោក សៀរ លីយូ ដែរ។ ជាជនពិការតាំងពីក្មេងមក គាត់និយាយថាគាត់បានជួបបញ្ហាខ្លាចគេឯង ដោយសារតែគាត់ មិនអារម្មណ៍ថា គាត់មិនអាចធ្វើអ្វីបាន ដូចជាមិត្តភក្តិរបស់គាត់នោះទេ។ ប៉ុន្តែ ដោយមានជំនួយពីអាជ្ញាធរជាច្រើនថ្នាក់ លោក សៀរ មិនត្រឹមតែបានរៀនជំនាញម៉ាស្សាសម្រាប់ជនពិការប៉ុណ្ណោះទេ តែក៏បានមានទំនុកចិត្ត លើខ្លួនឯងឡើងវិញផងដែរ។

លោក សៀរ លីយូ ម្ចាស់ហាងម៉ាស្សាជនពិការ និយាយថា ដោយសារមានជំនួយពីអាជ្ញាធរ ខ្ញុំអាចរៀនជំនាញម៉ាស្សាបាន។ រាល់ថ្ងៃនេះ ខ្ញុំសប្បាយចិត្តហើយ ពីព្រោះខ្ញុំមិនមែនជាមនុស្សដែលខ្លាចពេក ដល់ថ្នាក់មិនហ៊ាន ដើរចេញក្រៅផ្ទះ ទៀតនោះទេ។ បើទោះជាជនពិការដូចជាគាត់ទាំងពីរ កំពុងមានជីវិតល្អប្រសើរជាងមុនមែន ប៉ុន្តែអ្នកជំនាញនិយាយថា នៅសល់បញ្ហាច្រើនទៀត ដែលត្រូវដោះស្រាយ។ បញ្ហាធំបំផុតដែលជនពិការ កំពុងជួបប្រទះនោះ គឺត្រូវធ្វើឲ្យសង្គមទាំងមូល គិតគូរដល់ពួកគេឲ្យហ្មត់ចត់ និងជួយទិញផលិតផលដែលពួកគេផលិតបាន។

អ្នកនាង ជា រូ គឺជានាយកឧទ្យានឧស្សាហកម្មមួយ ដែលមានជំនាញឯកទេសលើការជួយជនពិការ លើការងារបង្កើតអាជីវកម្ម និងវិធីទទួលបានការងារធ្វើ។ គាត់បានរៀបរាប់អំពីការតស៊ូព្យាយាម របស់បុគ្គលិកជាជនពិការ ជាច្រើននាក់ ហើយគាត់សង្ឃឹមថា មនុស្សកាន់តែច្រើនគ្នា អាចចាប់ផ្តើមឲ្យតម្លៃលើការតស៊ូរបស់ជនពិការទាំងនោះ។

អ្នកនាង ជា រូ បាននិយាយថា «ម៉ាស់ដ៏តូចមួយនេះ ហើយនិងផលិតផលតូចៗផ្សេងទៀត ដែលជនពិការផលិតបាន គឺសុទ្ធតែមានផ្ទុកនូវក្តីសង្ឃឹម និងក្តីស្រមៃ របស់ពួកគាត់ទាំងអស់។ ពួកគាត់ប្រើក្តីស្រលាញ់ និងការ ព្យាយាមពិតប្រាកដ ដើម្បីផលិតវាឡើង។ ពួកគាត់សង្ឃឹមថា ផលិតផលទាំងនេះ អាចបំពេញតាមតម្រូវការរបស់អតិថិជន និងអាចចែករំលែកក្តី ស្រលាញ់របស់ពួកគាត់ ជាមួយនឹងមនុស្សគ្រប់គ្នា ដែលប្រើផលិតផល របស់ពួកគាត់»

ភាគច្រើន នៃជនពិការរាប់លាននាក់ក្នុងប្រទេសចិន នៅតែបន្តទទួលយកជំនួយពីរដ្ឋាភិបាល។ គេសង្ឃឹមថា កម្មវិធីជំនួយប្រភេទនេះ នឹងមានកាន់តែច្រើន ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកដែលត្រូវការវា បានកាន់តែច្រើននាក់ និងដើម្បីផ្តល់ឱកាសកាន់តែល្អ សម្រាប់ពួកគេ៕(សារព័ត៌មាន CCTV របស់ចិន)