(ភ្នំពេញ)៖ រថភ្លើង​ធន់​ស្រាល​ស៊េរី​ទំនើប​ចំនួន ​៣​គ្រឿង ដែល​ក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេស​ម៉ិចស៊ីកូ ​ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា​ហើយ ហើយនឹងមកដល់ប្រទេសកម្ពុជានៅចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នេះបើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Royal Railway Cambodia។

រថភ្លើង​ទាំង ​៣​គ្រឿង​នេះ នឹងយកមកប្រើប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ ឆ្ពោះ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ។

រថភ្លើងនេះ មានក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ, មានបច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត, មានបន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ និងមាន Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ។

សូមបញ្ជាក់ថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ Royal Railway Cambodia បានដាក់ឲ្យដំណើរការរថភ្លើងធុនស្រាលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិតែម្តង។

ការដាក់ឲ្យដំណើរខ្សែរថភ្លើងនេះ ទទួលបានការគាំទ្រច្រើនពីអ្នកធ្វើដំណើរ។ តែក៏មានបញ្ហាច្រើនផងដែរនាពេលកន្លងមក ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ បង្កសំឡេងរំខាន និងដីហ៊ុយផ្សេងៗជាដើមសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើងដែលសាងសង់នៅលើថ្នល់នោះ។

រថភ្លើងថ្មី៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ីកូ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកដោះស្រាយបញ្ហាទាំងអស់នេះ ព្រោះតែរថភ្លើងថ្មីនេះមានភាពទំនើប ស្រាល ហើយចាប់ហ្រ្វាំងបានប្រសើរជាងរថភ្លើងកំពុងប្រើនាពេលបច្ចុប្បន្ន៕