(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនូវការរំពឹងទុកថា បើទោះបីមានបញ្ហាពាណិជ្ជកម្មពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាសង្ឃឹមថា បញ្ហានេះនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជាជាមួយដៃគូនានានោះឡើយ ហើយដៃគូ អង្គការ សមាគមជាតិ-អន្តរជាតិនានា ក៏មានសុទិដ្ឋិនិយមបែបនេះដែរ។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុត្តិធម៌ការងារ (FLA) និងក្រុមតំណាងអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលដឹកនាំដោយ លោក មីឆាអ៊ែល ប៉ុសស្នឺរ ប្រធានក្រុមប្រឹក្សាភិបាល FLA នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ «យើងក៏សង្ឃឹមថា បញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះ ទាក់ទងនឹងបញ្ហាពាណិជ្ជកម្មរបស់ពិភពលោក គឺនឹងមិនប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងដៃគូទាំងអស់នោះទេ ហើយដៃគូទាំងអស់ជាមួយយើង គឺសុទ្ធតែមានគំនិតនេះដូចគ្នា»។

លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានបញ្ជាក់ដែរថា ការជួបពិភាក្សាគ្នាជាមួយសមាគម FLA ខាងលើនេះ គឺដើម្បីពិនិត្យឡើងវិញទៅលើវឌ្ឍនភាពលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្តការដោះស្រាយវិវាទ និងការអនុវត្តច្បាប់សហជីពជាដើម ហើយក្នុងកិច្ចពិភាក្សានាពេលនេះ ក៏បានលើកឡើងពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាផងដែរ។ តែទោះជាយ៉ាងណា កម្ពុជារួមជាមួយដៃគូនានារបស់ខ្លួននៅតែបន្តដោះស្រាយរួមគ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការទៅមុខទៀត។

សូមជម្រាបថា សមាគមយុត្តិធម៌ការងារ (FLA)​ គឺជាសមាគមធំរបស់សហរដ្ឋអាមេរិក ដែលតំណាងឱ្យអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ សមាគមនេះ ក៏ជាដៃគូចាស់ដ៏ល្អមួយរបស់កម្ពុជាផងដែរ៕