(ក្រចេះ)៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ នឹង​ជំងឺឆ្លង បានថ្លែងប្រាប់អង្គភាព Fresh News រហូតមកដល់រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្ស័យពុលស្រាសទាំង៤១នាក់នោះ បានធូរស្រាលច្រើនហើយ ខណៈជនរងគ្រោះដែលស្លាប់ដោយសារករណីនេះមានចំនួន៣នាក់។

លោក លី សុវណ្ណ ពេលចុះពិនិត្យស្ថានភាពអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានបញ្ជាក់ថា «គិតត្រឹមពេលនេះអ្នកស្លាប់៣នាក់ ក្នុងនោះស្រីម្នាក់ និងចំនួនអ្នកពុលស្រាសំរាក នៅមន្ទីរពេទ្យចំនួន៤១នាក់ តែអ្នកជំងឺបានធូស្រាលច្រើនហើយ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ មន្ទីរពេទ្យខេត្តក្រចេះ»

ក្រោយមានករណីកើតឡើង នៅព្រឹកមិញ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជូនមន្ដ្រីជំនាញមួយក្រុមចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ​ ខេត្តក្រចេះ។

លោក លី សុវណ្ណ ដែលដឹកនាំក្រុមមន្ដ្រីជំនាញនេះផ្ទាល់ បានបញ្ជាក់ថា លោករដ្ឋមន្ដ្រី បានបញ្ជាឲ្យមន្ដ្រីជំនាញ ចុះទៅពិនិត្យ និងស្រាវជ្រាវភ្លាមជុំវិញករណីសង្ស័យថាពុលស្រានេះ ដើម្បីរកមូលហេតុឲ្យពិតប្រាកដថាតើ ករណីពិតជាពុលស្រាមែន ឬក៏យ៉ាងណា? និងដើម្បីមានវិធានទប់ស្កាត់។​

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

សម្រាប់ករណីស្លាប់ និងពុលអ្នកភូមិដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។

លោកឧត្តមសេនីយ៍ទោ​ លន់​ សុផាត​ ស្នងការនគរបាលខេត្តក្រចេះ​ ក៏បានបញ្ជាក់ផងដែរថា​ ក្រោយកើតហេតុភ្លាមៗ​ និងក្រោយទទួលបានព័ត៌មាននេះភ្លាម​ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជួយដឹកជនរងគ្រោះ​ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕