(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រី ជាជនជាតិវៀតណាម៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀន រួមទាំងថ្នាំញៀន ៤០៤កញ្ចប់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា កម្លាំងមន្ទីរយុត្តិធម៌បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារយុត្តិធម៌នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ប្រុស២នាក់ ស្រីម្នាក់។

ជនសង្ស័យទាំង៣នាក់មាន ទី១៖ ឈ្មោះ ហ្វៀង ធីធឿ អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិអូយាងតី សង្កាត់បិនហៀប ស្រុកតៀងតីង ខេត្តឡុងអាន ប្រទេសវៀតណាម ទី២៖ ឈ្មោះ វិន ធីបី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តទីនយ៉ាង ប្រទេសវៀតណាម និងទី៣៖ ឈ្មោះ ម៉ាយ ង៉ុកឡុង អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិឡុងនឿង ស្រុកកឹងឃូក ខេត្តឡុកអាង ប្រទេសវៀតណាម។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៨កញ្ចប់ (៤០៤ កញ្ចប់តូច) មានទម្ងន់ ១០៤.៨៥ ក្រាម (គិតទាំងសំបកវិចខ្ចប់) កូនសៀវភៅចំនួន១ក្បាល ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន កូនកន្ត្រៃចំនួន២ នាឡិកាចំនួន១ លោហៈធាតុពណ៌លឿងចំនួន២វង់៕