(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះសំណាក់យីហោ «តាំង ឡាយហុង» ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ និងថ្នាំញៀន១០កញ្ចប់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ​ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០២។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ​ លឹម វិឆៃ​​ អាយុ១៨ឆ្នាំ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ, ទី២៖ឈ្មោះ ហាន់ វី អាយុ២៥ឆ្នាំ នៅភូមិខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ (មុខ​សញ្ញាចេញ​ពីពន្ធាគា), ទី៣៖ឈ្មោះ ថុង ថៃ​ អាយុ១៩ឆ្នាំ​​ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ (អវិជ្ជមាន), ទី៤៖ឈ្មោះ ហ៊ាន គីមហុង ​អាយុ១៧ឆ្នាំ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ​ ស្រុកជើងព្រៃ (អវិជ្ជមាន), ទី៥៖ឈ្មោះ ហ៊ាង ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ (អវិជ្ជមាន), ៦-ឈ្មោះ អេង លីហុង ​អាយុ១៨ឆ្នាំ​​ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ, ទី៧៖ឈ្មោះ លី សុខហេង ​អាយុ១៩ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ (អវិជ្ជមាន) មុខសញ្ញា​ចេញពី​មណ្ឌល, ទី៨៖ឈ្មោះ ភា វិសាល ​អាយុ២០ឆ្នាំ នៅភូមិនាងចាន់ ឃុំទ្រុងពពែ​​ ស្រុករំដួល ខេត្តស្វាយរៀង (អវិជ្ជមាន), ទី៩៖ឈ្មោះ ហាក់ គីមស្រ៊ាង ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ (មុខសញ្ញា​ចេញ​ពន្ធនាគា​) និងទី១០៖ឈ្មោះ អ៊ុន វីសាន់​ អាយុ១៨ឆ្នាំ ​នៅភូមិតាសែន ឃុំ​សូទិព្វ ស្រុកជើងព្រៃ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ​ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ១០កញ្ចប់ (ធំ០២កញ្ចប់ និងតូច០៨កញ្ចប់), ទូរស័ព្ទដៃ០៩គ្រឿង, ម៉ូតូ០២គ្រឿង និងសម្ភារវេចខ្ចប់ មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕​