(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានប្រាប់ដល់ បណ្តាប្រទេសនៅអឺរ៉ុប ឱ្យចៀសវាងកំហុសដូចពីអតីតកាល ដែលប្រព្រឹត្តិចំពោះប្រទេសកម្ពុជា។

លោក សុខ ឥសាន បានលើកឡើងថា បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប​ គឺជាប្រទេសដែលត្រូវបានកំណត់ថាជាប្រទេសប្រជាធិបតេយ្យជាពិសេសចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក​។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ ​ក៏បណ្តាប្រទេសទាំងនោះភាគច្រើនក៏ជាប្រទេសហត្ថលេខី​ នៃកិច្ចព្រមព្រៀងនេះដែរ​ដែលបានសន្យាជួយស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ​។

លោកបាននបញ្ជាក់ថា៖ «ក៏ប៉ុន្តែ​ក្នុងពេលកន្លងទៅ​មានប្រទេសមួយចំនួនក្នុង EU ​បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរចំនួន ២ដងម កហើយ​គឺ​៖ ១៖ នៅទសវត្សរ៍ទី​ ១៩៧០​ បានគាំទ្រការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម​ សីហនុ​ ដែលនាំឲ្យមានសង្គ្រាមនៅកម្ពុជា​។ ២៖ នៅទសវត្សរ៍ទី១៩៨០​ បានគាំទ្ររបបខ្មែរក្រហមឱ្យនៅក្នុងអសន:អសប​ ហើយនៅពេលនេះទៀត​ ប្រទេសខ្លះបានមានចេតនាមិនល្អចំពោះកម្ពុជា​ ចង់ដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជាចូលសហគមន៍អឺរ៉ុបទៀត​ ដោយសារតែលំអៀងខាងនយោបាយ និងមនោគមន៍វិជ្ជា​»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ចំពោះបញ្ហានេះ​ ប្រជាជនកម្ពុជានៅតែមានសុទិដ្ឋិនិយមថា បណ្តាប្រទេសប្រជាធិបតេយ្យក្នុងសហគមន៍អឺរ៉ុប នឹងពិចារណាឲ្យបានដិតដល់ថែមទៀត មុននឹងសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះ​ ដើម្បីចៀសវាងកុំឲ្យមានកំហុសជាលើកទី៣​ទៀត ​និងកុំឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ​ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ដែលបាន និងកំពុងរីកចម្រើនទៅមុខ​ ស្របតាមបំណងប្រាថ្នារបស់ខ្លួន​។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប នាថ្មីៗនេះ បានប្រកាសអំពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBAs) ពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ ក្នុងករណីដែលមិនមានការកែសម្រួលទេនោះ ការដកប្រព័ន្ធនេះ នឹងចូលជាធរមាននៅរយៈពេល១២ខែក្រោយ។

សភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ៥ស្ថាប័នរបស់អឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះការកំណត់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជានេះ។

ដោយឡែក តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា ប្រសិនបើមានការដកពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ ​ក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុមហ៊ុនចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA នេះជាឧបករណ៍នយោបាយបរទេស របស់ខ្លួនសម្រាប់កម្ពុជា។

ការថ្លែងបែបនេះ​របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំនៅអាស៊ីអាគ្នេយ៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យពួកគាត់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប្រ៊ុចហ្សែល ប្រទេសប៊ែលហ្សិក៕