(ភ្នំពេញ)៖ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះ ថាមានក្រុមជនសង្ស័យ បាន​លួចលុយក្នុងរថយន្ដ ចំនួន១,៦០០ដុល្លារ កុំព្យូទ័រយួរដៃ​១គ្រឿង ត្រាក្រុមហ៊ុនមួយ និងឯកសារក្រុមហ៊ុនមួយចំនួនផងនោះ, កម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ នៃអធិការដ្ឋានខណ្ឌឬស្សីកែវ បានបញ្ចេញកម្លាំង តាមស៊ើបអង្កេត​ឃាត់ខ្លួនជាក់ស្ដែង ចំពោះជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានអនិតិជន២នាក់ អ្នកផ្សំគំនិតលួច២នាក់ និងអ្នកទទួលផលចោរកម្ម (ទទួលទិញ) ៣នាក់​ ដោយដកហូតបានកុំព្យូទ័រ១គ្រឿង ​និងលុយចំនួន៧០,០០០រៀល។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ដែលបានបើកប្រតិបត្តិការ​នៅត្រង់ចំណុចផ្ទះលេខD២៨ ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក គល់ យី ​បានបញ្ជាក់ថា ​​ចំពោះជនសង្ស័យទាំង៧នាក់ ដែលបង្ក្រាបបាន​ក្នុងនោះមានអនិតិជន២នាក់ និងជាអ្នកលួចមានឈ្មោះ ហ៊ួន លីហាក់ ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សារឿន សម្បត្តិរក្សា ហៅខ្មៅ ភេទស្រី អាយុ១២ឆ្នាំ អនិតិជនទាំង២នាក់ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ត្រូវបានលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការអប់រំដើម្បីឲ្យអាណាព្យាបាលមកធានាឲ្យត្រឡប់យកទៅផ្ទះវិញ។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យពាក់ព័ន្ធផ្សំគំនិតក្នុងអំពើលួចទី១៖ឈ្មោះ ធឿន ចាន់ណាដែត ហៅដែត អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ (អ្នកលួច), ទី២៖ឈ្នោះ អ៊ុង ពុទ្ធី ហៅធី​ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ផ្សំគំនិត), ទី៣៖ឈ្មោះ អ៊ុង បូរិនកុម្ភៈ​ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ (ទទួលផលចោរកម្ម), ទី៤៖ឈ្មោះ ធឿន រដ្ឋា ហៅឃៀង​ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ទទួលផលចោរកម្ម), ទី៥៖ឈ្មោះ លឹម ស្រីកែវ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ (ទទួលផលចោរកម្ម) ជនសង្ស័យទាំង៥នាក់ ស្នាក់នៅភូមិសង្កាត់កើតហេតុជាមួយគ្នា។ រីឯជនរងគ្រោះមានឈ្មោះ តាំង ហ៊ុយលីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៧B ភូមិមាល់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ក្នុងអំពើលួចទ្រព្យសម្បត្តិផ្សំគំនិត និងទទួលផលចោរកម្ម ទាំង៥នាក់នេះដែរ គឺបានអនុវត្តឡើងភ្លាមៗ ទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ថាមានក្រុមជនសង្ស័យជាចោរបានធ្វើសកម្មភាពលួចក្នុងរថយន្ដ បណ្ដាលឲ្យបាត់បង់លុយ ចំនួន១៦០០ដុល្លារ កុំព្យូទ័រយួរដៃ១គ្រឿង ត្រាក្រុមហ៊ុនចំនួន១ និងឯកសារក្រុមហ៊ុនមួយចំនួន ទើបឈានដល់បើកការស្រាវជ្រាវ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ រហូតបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៥នាក់តែម្ដង ដោយក្នុងប្រតិបត្តិការនោះដែរ ដកហូតបានកុំព្យូទ័រដៃចំនួន១គ្រឿង ពណ៌ខ្មៅ ម៉ាកឌែល រួមជាមួយលុយខ្មែរ ចំនួន៧០០០០រៀល។

លោកអធិការនគរបាលខណ្ឌឬស្សីកែវរូបនេះ បានបន្ថែមថា ក្រោយបង្ក្រាបក្រុមជនសង្ស័យ ក្នុងអំពើលួចផ្សំគំនិត និងទទួលផលចោរកម្មទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបាននាំមកឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕