(សឹង្ហបុរី)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី​១២ និង​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកលើកទី​៥ នៅប្រទេសសឹង្ហបុរី នៅរសៀលថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយលោក អេង ហែន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋសឹង្ហបុរី​។

ក្នុងជំនួបនោះ ​រដ្ឋមន្រ្តី​ការពារជាតិសឹង្ហបុរី បានសម្ដែងការអបអរសាទរ ចំពោះលទ្ធផលជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ក្នុងពេលកន្លងមក និងបានថ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដើរតួនាទី គាំទ្រកិច្ចប្រជុំផ្សេងៗ ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ពិសេសសម្ដេច ទៀ បាញ់ ជាសមាជិកក្នុងអង្គប្រជុំតាំងពីដើមរៀងមក។

នៅក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សឹង្ហបុរីមានបទពិសោធន៍ច្រើន ក្នុងការរៀបចំកិច្ចប្រជុំនានា ហើយក្នុងនោះ សម្តេចសង្ឃឹមថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១២ ដែលសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងទទួលបានជោគជ័យ។

ដោយឡែកក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងនាមរដ្ឋាភិបាល ក្រសួងការពារជាតិជាតិឡាវ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយដល់ គ្រោះមហន្តរាយ ​នៅក្នុង​ខេត្តអត្តពើ ប្រទេសឡាវ នាពេលកន្លងមក​។

លោកឧត្តមសេនីយ៍រដ្ឋមន្ដ្រី បានសំដែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា ដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន ​បានឈ្នះការបោះឆ្នោតក្នុងអាណត្តិថ្មី និងធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាបន្តទៀត​។

រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានសំដែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងមានការរីកចម្រើន អភិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស​។ លោកក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កម្ពុជា ឡាវ បានជួបគ្នាប្រកាស ពីដំណោះស្រាយដែលទាក់ទងទៅនឹងបញ្ហាព្រំដែននោះ ប្រទេសកម្ពុជាបានបញ្ជូនគណប្រតិភូទៅកាន់ប្រទេសឡាវភ្លាម ដែលទង្វើនេះបានបង្ហាញឲ្យឃើញ អំពីស្មារតីសាមគ្គីភាព និង​កិច្ចសហការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ។

ទាក់ទងទៅនឹងបញ្ហាព្រំដែននេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោក​ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានបង្ហាញបំណងដូចគ្នា ក្នុងការលើកទឹកចិត្តឲ្យគណកម្មការព្រំដែន ក៏ដូចជាអាជ្ញាធ័រមូលដ្ឋាននៅតាមតំបន់នីមួយៗ ដែលមានព្រំដែនជាប់គ្នា ធ្វើយ៉ាងណាធ្វើការជាមួយគ្នា និងជួបគ្នាឲ្យបានទៀងទាត់។

ក្ន្ងងឱសកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរាបជូនដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ អំពីដំណើរការសាងសង់វិមានឈ្នះឈ្នះ ដែលសំណង់វិមានឈ្នះឈ្នះនេះ មានអត្ថន័យធំធេងសម្រាប់ប្រទេសកម្ពុជា ជាសំណង់ប្រវត្តិសាស្រ្តទុកសម្រាប់កូនចៅ ជំនាន់ក្រោយសិក្សារៀនសូត្រ អំពីដំណើរការ ទទួលបានសន្តិភាពពេញលេញ នៅទូទាំងប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក​ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ មកចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះផងដែល៕