(ត្បូងឃ្មុំ)៖ រថយន្តដឹកស្រាបៀរ Heineken ៥០០០កេស និងកាហ្វេ៥០០កេស នាំចូលខុសច្បាប់ត្រូវបានកម្លាំងគយចល័តមួយក្រុម ដឹកនាំដោយលោក ព្រាប គារ៉ាត ជាប្រធានតំបន់៦ នៃនាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់បាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវចូលមកពី ព្រំដែនវៀតណាម នៃមាត់ច្រកទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។

ជាប្រភេទរថយន្តដឹកទំនិញធុនធំរបស់វៀតណាម លួចនាំទំនិញចូលមកក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់ ហើយប្រើរូបភាព ដោះស្លាកលេខបន្លំធ្វើជារថយន្តក្នុងស្រុក។

ការបង្រ្កាបនេះធ្វើឡើង ដោយមានការឯកភាពពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។ បច្ចុប្បន្នរថយន្តនិងទំនិញល្មើសខាងលើ ត្រូវបាន រក្សាទុកជាបណ្តោះអាសន្ននៅទីតាំងគយចល័តខាងលើ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធីច្បាប់៕