(ភ្នំពេញ)៖ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ជាសកម្មភាពស្នេហាជាតិ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួម ដើម្បីពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងលើកទឹកចិត្តផលិតករ និងសហគ្រិន ក៏ដូចជាការធ្វើពិពិធកម្មឱកាសការងារ និងការកាត់បន្ថយភាពក្រីក្រ ដែលជាកត្តាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែរ (រដូវកាលទី៣) ដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ការរៀបចំតាំងពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរឱ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេស។

លោករដ្ឋមន្ត្រីបានលើកឡើងអំពីឱកាស និងបញ្ហាប្រឈមមួយចំនួនរបស់កម្ពុជា ក្រោយការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពីលំហូរទំនិញ និងសេវាកម្មដែលផ្តល់ឱ្យប្រទេសសមាជិកទាំងអស់ អាចធ្វើចរាចរណ៍ទំនិញ និងសេវាកម្មឥតកំណត់ នៅក្នុងតំបន់អាស៊ាន។

ដើម្បីឆ្លើយតបបញ្ហានេះលោក ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផលិតករ, សហគ្រិន និងប្រជាជនខ្មែរទាំងអស់។

លោក ប៉ាន សូរស័ក្ដិ បានថ្លែងយ៉ាងដូច្នេះ «ស្របពេលក្រសួងពាណិជ្ជកម្ម កំពុងខិតខំស្វែងរកទីផ្សារថ្មីៗជូនវិស័យឯកជន បងប្អូនផលិតករ និងសហគ្រិនទាំងអស់ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ និងពង្រឹងគុណភាពផលិតផល ជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ហើយបងប្អូនប្រជាពលរដ្ឋ ត្រូវជួយគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ និងបំផុសចលនាទិញឱ្យបានច្រើន ដើម្បីទ្រទ្រង់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា»។

លោករដ្ឋមន្ត្រី ក៏បានថ្លែងឲ្យដឹងពីអន្តរាគមន៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់បន្ថយវត្តមានផលិតផលបរទេសនៅតាមទីផ្សារ តាមរយៈការចងក្រង និងអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម និងការសម្របសម្រួលវិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានា ដើម្បីផ្សព្វផ្សាយ និងធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញផលិតផលខ្មែរ ទៅកាន់ទៅផ្សារបរទេស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សារផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគោលដៅសសរស្តម្ភទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កន្លងមកក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការនេះ បានជោគជ័យចំនួន២រដូវកាលមកហើយ គឺរដូវកាលទី១ នៅក្នុងខេត្តសៀមរាប, កំពង់ចាម, ព្រះសីហនុ និងរាជធានីភ្នំពេញ ហើយរដូវកាលទី២ នៅក្នុងខេត្តស្ទឹងត្រែង, បាត់ដំបង ស្វាយរៀង, រាជធានីភ្នំពេញ និងខេត្តកែប។ ដោយឡែកសម្រាប់រដូវកាលទី៣នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់យករាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកណ្តាល, កំពង់ឆ្នាំង, បន្ទាយមានជ័យ, ព្រៃវែង, កោះកុង, និងរាជធានីភ្នំពេញជាកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្ម។

សម្រាប់ពិព័រណ៍ផលិតផលខ្មែរក្នុងយុទ្ធនាករទិញផលិតផលខ្មែរដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ មានការចូលរួមពីបណ្ដាផលិតករ អាជីវករ អង្គការ សមាគមនានា ដែលបាន និងកំពុងផលិតនូវផលិតផលខ្មែរ សម្រាប់ចែកចាយនៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ១៧៨ក្រុមហ៊ុន មានស្ដង់សរុបចំនួន ១៧៩។ ផលិតផល និងសេវាជាច្រើនប្រភេទ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិ-ពាណិជ្ជកម្ម, ផលិតផលសិប្បកម្ម, ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ, ផលិតផលសុខភាព និងសម្រស់, ផលិតផលទេសចរណ៍ និងអប់រំ, សេវាកម្ម និងផលិតផលប្រើប្រាស់ទូទៅផ្សេងទៀតជាច្រើន៕