(ភ្នំពេញ)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលចំណូលជិត២០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ១៤០,៣០៣តោន បានកើនឡើងចំនួន ២៥,២៤០តោន ស្មើនឹង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងរយៈពេល៩ខែមកនេះ មានតម្លៃ ១,៣៦៧ដុល្លារក្នុង១តោន តម្លៃនេះបានធ្លាក់ចុះ៣០៤ដុល្លារក្នុង១តោន ស្មើនឹង១៨ភាគរយ។

សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤២៧,៩៩៨ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំ មានចំនួនជាង២២ម៉ឺនហិកតា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕