(ប៊ែលហ្សិក)៖ សម្តចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវការស្វាគមន៍ ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ ពីសភាពការណ៍ពិតរបស់កម្ពុជា និងបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប គឺជាសេចក្តីថ្លែងការណ៍មានលក្ខណៈត្រឹមត្រូវ ពោលគឺក្រុមប្រឹក្សាអឺរ៉ុបត្រូវតែស្តាប់នូវសំឡេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិលជាដើម។

ការថ្លែងនៅការស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានលើកឡើង ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចកំពុងបំពេញបេសកកម្មការងារ នាទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

សម្តេចនាយករដ្ឋមន្ត្រី បានសំដែងនូវការរីករាយ ចំពោះការលើកឡើងពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប។ សម្តេចតេជោបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងនោះ (ដក EBA) ការនាំចេញនឹងនៅតែបន្តតែគ្រាន់តែវា មានមានការកើនឡើងនៃផ្នែកពន្ធ ហើយកម្ពុជា និងមិនមានវិធានការណាមួយ ដែលត្រូវដាក់ទៅលើបណ្តាក្រុមហ៊ុនអឺរ៉ុបនោះដែរ ពោលគឺកម្ពុជាចង់ប្រាប់ពីការពិតដល់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចេញពីប្រទេសកម្ពុជា។

លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBA) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕

p>