(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានអះអាងថា កម្លាំងស៊ីម៉ាក់ នឹងមិនត្រូវបានរំសាយនោះទេ ទោះក្រោយបញ្ចប់បេសកកម្ម របស់ខ្លួននៅក្រោយ ឆ្នាំ២០២៥ក្តី។ ស៊ីម៉ាក់ អាចនឹងរៀបចំបង្កើតឱ្យមានជាវិទ្យាស្ថានដោះមីន កម្រិតជាតិមួយនាពេលអនាគត ដើម្បីផ្ទេរចំណេះដឹងទាំងនោះទៅកូនចៅជំនាន់ក្រោយ។

ការអះអាងរបស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសទេសរដ្ឋមន្ត្រីជួបសំណេះសំណាល ជាមួយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន​កម្ពុជា (CMAC) នៅទីបញ្ជាការស៊ីម៉ាក់។ ជាមួយគ្នានេះដែរ មន្ត្រីរបស់ស៊ីម៉ាក់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរំដោះផ្ទៃដី ដែលមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឱ្យអស់នៅមុនឆ្នាំ២០២៥។

លោក ហេង រតនា បានបន្ថែមទៀតថា សម្រាប់ក្រោយ ឆ្នាំ២០២៥ ស៊ីម៉ាក់ កំពុងរៀបចំផែនការមន្ត្រីជំនាញទាំងនោះអាចក្លាយទៅ ជាអ្នកជំនាញ សម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញនេះ បន្តទៅកាន់ប្រទេសដទៃ និងក្នុង ស្រុកផងដែរ។

បើតាមអគ្គនាយកស៊ីម៉ាក់ (CMAC) បានកត់សំគាល់ថា គ្រាប់បែកដែលត្រូវបានបន្សល់ទុកពីសង្គ្រាមមានបួនប្រភេទនៅតែបង្កហានិភ័យ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនោះមានគ្រាប់បែក និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម គ្រាប់បែកគីមី និងគ្រាប់ មីនប្រឆាំងមនុស្ស ។ បច្ចុប្បន្នស៊ីម៉ាក់ មានមធ្យោបាយ និងជំនាញសំខាន់ៗចំនួន៥ ក្នុងការដោះមីន រួមមានការប្រើប្រាស់ កម្លាំងមនុស្ស គ្រឿងចក្រ សុនខ កណ្តុរ គ្រឿងចក្រ និងដោះមីននៅក្រោមទឹកទៀតផង។ ប៉ុន្តែជំនាញនៃការដោះមីន ក្រោមទឹកបច្ចុប្បន្ន ស៊ីម៉ាក់នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទាំងធនធានមនុស្ស និងថវិកា ដើម្បីធ្វើការដោះនោះទេ ព្រោះត្រូវការថវិកាច្រើន។

លោក ហេង រតនា បានបញ្ជាក់ដែរថា គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំ កន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២,៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុក​និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន។ ដោយឡែកសម្រាប់ប្រតិបត្តិការរយៈពេល៩ខែមកនេះ ស៊ីម៉ាក់ បានរំដោះផ្ទៃដី បានជាង៦០គីឡូម៉ែត្រក្រឡា ក្នុងផែនការ១២០គីឡូម៉ែត្រក្រឡា និងបានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង៣ម៉ឺនគ្រាប់។

ក្នុងឱកាសនេះដែរ ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការកោតសរសើរដល់កម្លាំងស៊ីម៉ាក់ (CMAC) ដែលសម្រេចបាន នូវបេសកកម្មដ៏លំបាក ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា។ ទេសរដ្ឋមន្ត្រីក៏បានបន្តជំរុញស្ថាប័នស៊ីម៉ាក់ បន្តបេសកកម្មមួយនេះ ឱ្យល្អប្រសើរ ទន្ទឹមនឹងការរំដោះមីន ក៏ត្រូវមានការអភិវឌ្ឍ នៅតាមជនបទ អមដោយសាលារៀន ផ្លូវថ្នល់ អណ្តូងទឹកជូនប្រជាពលរដ្ឋផងដែរ៕