(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ​​ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦,‌៧៦៦.៣៧ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩លានដុល្លារអាមេរិក) កើនឡើង១៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលានេះ។

លោក គង់ វិបុល ដែលអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានសរុបចំនួន ៦,‌៧៦៦.៣៧ ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨៧.៩៥% នៃផែនការ។

ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូល បាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៧៥៣.១៧ ប៊ីលានរៀល (ប្រមាណជា១៨៨.២៩លានដុល្លារអាមេរិក) ស្មើនឹង៩.៧៩% នៃផែនការច្បាប់។

ក្នុងឱកាសនោះ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។

សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ចំនួន ៧,៦៩៣.៥០ ប៊ីលានរៀល (ប្រមាណជា ១,៩២៣.៣៨លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

* បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ ២០១៤-២០១៨

* គ្រប់អង្គភាពទាំងអស់ក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារត្រូវត្រៀមរៀបចំ នូវផែនការសកម្មភាពឆ្នាំ២០១៩។

* ជំរុញការអនុវត្តប្រមូលចំណូលពន្ធ នៅតាមបណ្តាខេត្តនានា ដែលមានសក្តានុពលខ្លាំង ក្នុងនោះមានខេត្តព្រះសីហនុ ។

* អនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដោយមានការចូលរួមផ្តល់មតិពី អាជ្ញាធរមូលដ្ឋាន, មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត, និងវិស័យឯកជន ហើយនឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

* រៀបចំកែសម្រួលយន្តការបង្វិលសងអាករលើតម្លៃបន្ថែមឱ្យប្រសើរជាងនេះថែមទៀត សម្រាប់ស្ថានទូត ក៏ដូចជាសហគ្រាសអាជីវកម្ម ព្រមទាំងគិតគូរដល់ការស្នើសុំបង្វិលសងរបស់ភ្ញៀវទេសចរផងដែរ។

* សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារ ដោយផ្តោតការយកចិត្តទុកដាក់ លើកិច្ចការកៀរគរចំណូល និងការលើកទឹកចិត្តពន្ធ ចំពោះវិស័យធុរកិច្ចមួយចំនួន។

* បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រង វាយតម្លៃ និងការបណ្តុះបណ្តាល។

* បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័សងាយស្រួលធ្វើយ៉ាងណា ឱ្យរដ្ឋបាលពន្ធដារក្លាយជាស្ថាប័នរដ្ឋ ដែលទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីសាធារណជនគ្រប់មជ្ឈដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល- បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន។

* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់ មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា៕