(កំពង់ឆ្នាំង)៖ ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

​សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ​​ជាធម្មតាក្មេងស្រីទាំងពីរ ​​ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យ ស៊ីស្មៅជាធម្មតា ចំឡែកព្រឹកថ្ងៃកើត​ហេតុ ​មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែង តែរកមិនឃើញ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូជនរងគ្រោះបានឡើងលើផ្ទះ ជន​រងគ្រោះ និងបានបើកកេស​មើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរ​ដេកស្លាប់នៅក្នុងកេស​នោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង​។

ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក​​សម្លាប់ និងយកទៅដាក់ក្នុង​កេសដាក់ខោអាវ ពិតប្រាកដមែន។ ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ​។

អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមប្រមាញ់ឃាតកយកមកផ្ដន្ទាទោសតាមច្បាប់ ខណៈដែលសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕