(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ម៉ក់ សុឃឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល០២ (ពីរឆ្នាំ) និងពិន័យជាប្រាក់ចំនួន៦,០០០,០០០ (ប្រាំមួយលាន) រៀល ពីបទ «មិនបំពេញកាតព្ធកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយ) ប្រព្រឹត្ដនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧។

នេះបើតាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ម៉ក់ សុឃឿន ជាប់បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ហេតុដូច្នេះសម្រេច បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច ដែលជាមន្ដ្រីនគរបាលយុត្ដិធម៌ ឲ្យចាប់ខ្លួនឈ្មោះ ម៉ក់ សុឃឿន ខាងលើ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៩៤៣ «ថ» ចុះថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកអនុវត្ដទោសតទៅ»

ជនរងគ្រោះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកបានចេញជូនដំណឹងដល់លោក ម៉ក់ សុឃឿន ជាច្រើនដងមកហើយ ប៉ុន្តែលោកមិនបានចូលខ្លួន មកដោះស្រាយនោះទេ រហូតបានដាក់ពាក្យប្តឹងទៅតុលាការ ក៏ជនម្នាក់នេះមិនបានចូលខ្លួនមកដោះស្រាយទៀត ជាហេតុតុលាការចេញដីកាតាមច្បាប់ខ្លូនតែម្តង។ បើតាមជនរងគ្រោះ នៅពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏បាននិងកំពុងធ្វើការស្រាវជ្រាវផងដែរ ដើម្បីតាមចាប់ខ្លួនជនត្រូវចោទរូបនេះ។

ខាងក្រោមនេះ ជាដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ៖