(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា បាននិងកំពុងសហការគ្នារៀបចំឱ្យមាន «កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣» ដើម្បីបង្កើតឱ្យមានឱកាសការងារ ផលិតភាព ផ្តល់ចំណូលត្រឹមត្រូវ កន្លែងធ្វើការមានសុវត្ថិភាព និងមានការគាំពារសង្គមសមស្របតាមដំណាក់កាលនីមួយៗ នៃកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ដើម្បីរៀបចំកម្មវិធីថ្នាក់ជាតិនេះ ឱ្យប្រព្រឹត្តទៅរលូននោះ ក្រសួងការងារបានបើកសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រីបានថ្លែងថា កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ត្រូវទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានកំណត់ច្បាស់ថា ការងារសមរម្យ គឺជាមជ្ឈមណ្ឌលសម្រាប់ការប្រមូលផ្តុំកិច្ចខិតខំនានា ដើម្បីលុបបំបាត់ភាពក្រីក្រ និងជាមធ្យោបាយសម្រាប់សម្រេចបានកិច្ចអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព សមធម៌ និងបរិយាប័ន្ន ដែលជាកត្តាគន្លឹះបង្កើតឱ្យមានឱកាសការងារ ផលិតភាព ផ្តល់ចំណូលត្រឹមត្រូវ កន្លែងធ្វើការមានសុវត្ថិភាព និងមានការគាំពារសង្គមសមស្របតាមដំណាក់កាលនីមួយៗ នៃកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះ កម្ពុជាបានកសាង និងអនុវត្តនូវកម្មវិធីការងារសមរម្យបានចំនួន៤លើករួចមកហើយ។ សម្រាប់ការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ បានកំណត់អាទិភាពចំនួន៣ ប្រមូលផ្តុំទៅលើ៖
១៖ ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ, ២៖ ការធ្វើឱ្យប្រសើរឡើងបរិយាកាសការងារ ដែលបង្កឱ្យមានកំណើនការងារសមរម្យ និងសហគ្រាសដែលប្រកបដោយស្ថិរភាព ការយកចិត្តទុកដាក់ចំពោះយុវជន និង ៣៖ ការលើកកម្ពស់ និងការពង្រីកការគាំពារសង្គម និងអនាម័យ និងសុវត្ថិភាពការងារ។

ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣នេះ គឺជាតម្រូវការចាំបាច់ និងត្រូវរៀបចំឲ្យមានភាពប្រទាក់ក្រឡាគ្នាទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។ កម្មវិធីការងារសមរម្យសម្រាប់រយៈពេលបន្ទាប់នេះ ក៏នឹងប្រទាក់ក្រឡាគ្នាទៅនឹងក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៩-២០២៣ (UNDAF) ផងដែរ ដែលសម្របសម្រួលការខិតខំប្រឹងប្រែង របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ក្នុងការគាំទ្រជាយុទ្ធសាស្ត្រទៅលើអាទិភាពនៃការអភិវឌ្ឍជាតិ និងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។

ការពិនិត្យឡើងវិញនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ ត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់អំពីអ្វីដែលបានដំណើរការ និងមិនបានដំណើរការ និងកំណត់ឱ្យឃើញនូវទិសដៅជាអាទិភាពថ្មីៗ ដែលត្រូវការអភិវឌ្ឍក្នុងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០១៣។

កម្មវិធីនេះនឹងជួយចង្អុលបង្ហាញអំពីការកំណត់អាទិភាព លើការគាំទ្រដោយផ្ដោតគោលដៅពិសេសទៅកាន់ក្រុមកម្មករដែលងាយរងគ្រោះ និងដើម្បីភ្ជាប់ការពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពបំផុត នៅក្នុងចំណុចអាទិភាពអភិវឌ្ឍន៍ជាតិ ក្នុងការគាំទ្ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព ក្នុងខណៈពេលដំណើរការរបៀបវារៈ នៃការងារសមរម្យកម្រិតខ្ពស់នៅកម្ពុជា។

សិក្ខាសាលាថ្នាក់ជាតិនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលអំពីសមទ្ធិផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨ និងការកំណត់សកម្មភាពការងារអាទិភាព ដើម្បីជំរុញការសម្រេចបាននូវកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ឆ្នាំ២០១៩-២០២៣ បន្តទៀត។

សិក្ខាសាលានេះ ក៏មានគោលបំណងចែករំលែកនូវលទ្ធផល នៃសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ តម្រង់ទិសកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឲ្យស្របនឹងក្របខណ្ឌអភិវឌ្ឍន៍ជាតិ (យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣) និងរបៀបវារៈសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០(គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា)៕