(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានប្រគល់ថវិកាចំនួន១៨លានរៀល ជូនដល់គ្រួសារសពមន្ត្រីនគរបាល និងចូលនិវត្តន៍ចំនួន៣រូប។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ប្តី ឬឪពុកជាទីស្រឡាញ់ ដោយលោកបានផ្តាំផ្ញើដល់ ក្រុមគ្រួសារនៃសព ក្រោយពីទទួលបានថវិកានេះ សូមយកទៅចាត់ចែងធ្វើបុណ្យ ឬក៏ធ្វើជាទុនសម្រាប់ប្រកបរបររកស៊ីផ្សេងៗ ដើម្បីបន្តបង្កើនជីវភាពក្នុងគ្រួសារបាន។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានលើកឡើងថា ក្រោមការដឹកនាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកតែងតែយកចិត្តទុកដាក់ចាត់ចែងកិច្ចការ ថវិកាសមាគម ស.ម.ន ដើម្បីបើកប្រគល់ជូនសមាជិក និងគ្រួសារសមាជិក ក៍ដូចជាតែងតែចង់ដឹងអំពីសុខទុក្ខ សុខុមាលភាពរបស់កងកម្លាំងនគរបាល តាមមូលដ្ឋាននានា និងផ្ដាំផ្ញើសួរសុខទុក្ខ ដលកង់កម្លាំងនគរបាល ទូទាំងខេត្តកំពង់ធំ។

សូមបញ្ជាក់ក្រុមគ្រួសារសព ទី១៖ លោកអនុសេនីយ៍ឯក យឹម ដារ៉ា ដែលទទួលមរណភាពទទួលបានថវិកា ៦.០០០.០០០រៀល, ទី២៖ លោកអនុសេនីយ៍ទោ នី រស់សារ៉ន ទទួលបានថវិកា៦.០០០.០០០ រៀល​និងទី៣៖ សពភរិយារបស់លោកអនុសេនីយ៍ឯក ជួប ហួរ ទទួលបានទឹកប្រាក់២.០០០.០០០ រៀល។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានថ្លែងអំណរគុណចំពោះភរិយា ដែលស្វាមីរបស់គាត់បានបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ និងបំពេញបេសកកម្មការពារ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ជូនជាតិមាតុភូមិ នាពេលកន្លងមក៕