(បន្ទាយមានជ័យ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយកម្លាំងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិបង្រ្កាបនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងថា ដោយទទួលបានបទបញ្ជា និងវិធានការអនុវត្តន៍ ពីលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់​នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ករណីកម្លាំងជំនាញរបស់លោក បានឃាត់ខ្លួនស្ត្រីជាជនសង្ស័យបាន០១នាក់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មិ្សលមិញ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តថា ស្ត្រីដែលជាជនសង្ស័យឈ្មោះ សៀន សុផា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងធ្វើការឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យ រឹបអូសបានវត្ថុតាងមួយ ចំនួនរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន ICE ចំនួន១៤កូនថង់កឹប និង២ថង់ធំ ស្មើ៧៥.៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន៩៩៦គ្រាប់, ទូរស័ព្ទដៃ០១គ្រឿង, ខ្សែក លោហធាតុពណ៌លឿង០១ខ្សែ ប្រវែង១៩សង់ទីម៉ែត្រ, ក្រវិលលោហៈធាតុពណ៌ស ដាំត្បួង០១គូរ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ផងដែរ។

បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានពិតជាបានប្រកបរបរជួញដូរគ្រឿងញៀន ពិតប្រាកដមែន។ បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕