(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ នៅថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០១៨ បានច្រានចោលបណ្តឹងរបស់ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោក ដែលប្តឹងកញ្ញា ធី សុវណ្ណថា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ខណៈអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដាក់លោកឲ្យស្ថិតក្រោមការ ពិនិត្យរបស់តុលាការ។

សេចក្តីសម្រេចរបស់អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ១០២៣ អ.យ.ជ ចុះថ្ងៃទី២៣-០៥-២០១៨ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល»

កញ្ញា ធី សុវណ្ណថា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា៖ «លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William Guang ប្តឹងនាងខ្ញុំ តាំងពីរាស្រ្ត រហូតដល់មានឋានៈស្មើទេសរដ្ឋមន្រ្តី នៅតែចាញ់នាងខ្ញុំ ហើយខ្ញុំសូមផ្តាំទៅលោក William Guang កុំច្រឡំដើរអួតក្អេងក្អាងប្រើប្រាស់តួនាទីជាទេសរដ្ឋមន្រ្តី ការពិតលោកគ្រាន់តែមានឋានៈស្មើតែប៉ុណ្ណោះ មិនមែនជាទេសរដ្ឋមន្រ្តីដូចមន្រ្តីរាជរដ្ឋាភិបាលនោះទេ សូមកុំច្រឡំឲ្យសោះ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William Guang បានដាក់ពាក្យប្តឹងចោទប្រកាន់ កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង ដោយចោទថាបានបរិហារកេរ្តិ៍លោក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គម Facebook ឈ្មោះ Sovantha Thy។

នៅក្នុងពាក្យបណ្តឹងនោះផងដែរ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ លោក វិល្លាម សូមអោយតុលាការផ្តន្ទាទោសជនប្រព្រឹត្តទៅតាមផ្លូវច្បាប់ និងទាមទារជំងឺចិត្ត ៥០០លានរៀល ដោយថវិការទាំងអស់នេះលោកសូមប្រគល់ទៅឱ្យមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចទាត់ចោលពាក្យបណ្តឹងនេះដោយសារគ្មានភស្តុតាង។

សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច៖ «ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ លើឈ្មោះ សុខ វឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណ វឌ្ឍនាសារពង្ស ភេទប្រុស ឆ្នាំកំណើត ១៤ មីនា​ ១៩៧៧ ជាម្ចាស់គណនីបណ្តាញទំនាក់ទំនងសង្គម Facebook ឈ្មោះ William Guang»