(សៀមរាប)៖ សាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអង្កេតត្រួតពិនិត្យទំនិញវេចខ្ចប់ តាមផ្សារទំនើបចំនួន៣ទីតាំង នៅតាមបណ្ដោយផ្លូវ២១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងទាំង៣ខាងលើ រួមមាន៖ ញ៉ូអប្សរាម៉ាឃីត អូផែនម៉ាត ស្មាយសបម៉ាត ដើម្បីពិនិត្យមើលកាលបរិច្ឆេទផុត កាលប្រើប្រាស់ កំប៉ុង កុំពិត ច្រែសស៊ីជាដើម។

លោកបានបន្តថា ជាលទ្ធផល ក្នុងការចុះអង្កេតទំនិញតាមម៉ាតខាងលើ ក្រុមការងារបានធ្វើការដកហូតទំនិញផុត កាលបរិច្ឆេទ ប្រើប្រាស់បានចំនួន៦,៩១០ក្រាម មានដូចជា ទឹកផ្លែឈើចំរុះ កាហ្វេមណ្ឌលគីរី កាហ្វេ KHAO SHONG មីកំប៉ុងរសជាតិឈីស និងសាច់ជ្រូកងៀតកញ្ចប់។

ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

លោក ព្រៅ ខេមរិទ្ធ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរ ដល់អាជីវករ នៅក្នុងម៉ាតទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕