(កំពង់ចាម)៖ រថយន្ដ២តោនកន្លះមួយគ្រឿង ​ដឹកអង្ករពេញខាងក្រោយ បានដាច់ហ្វ្រាំងចុះទៅលើស្ពានគីហ្សូណា បណ្ដាលឲ្យរេចង្កូតបុករថយន្ដ២គ្រឿង និងម៉ូតូមួយគ្រឿង នៅ​​វេលាម៉ោងប្រមាណ​១០៖៥០នាទីព្រឹក​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ក៏ដូចជាបង្ហាញដោយកាមេរ៉ាសុវត្ថិភាព ​បាន​ឲ្យដឹងថា នៅវេលាម៉ោងខាងលើ នៅចំណុចរង្វង់មូលស្ពានគីហ្សុណា ឡានដឹកអង្ករម៉ាក Hyundai ២តោនកន្លះ ជិះគ្នា២នាក់ ទិសដៅពីកើតមកលិច ចុះពីលើស្ពានគីហ្សុណា បានដាច់ហ្វ្រាំង រេចង្កូតទៅបុកជាមួយ ឡានធុនធំដឹកទំនិញ ប្រភេទ V1 ប្រាំភ្លៅ ជិះគ្នា២នាក់ ដឹកដំឡូងពេញ ដែលមានទិសដៅពីលិចទៅកើត ព្រមទាំងរេទៅបុកបន្តឡាន តាកូមា១គ្រឿង និងម៉ូតូឌ្រីមសង់០១៨មួយគ្រឿងទៀតដែលនៅក្បែរនោះ។

​ការរយៈវីដេអូនេះ ដែលអង្គភាព Fresh News ទទួលបាននេះអាចបញ្ជាក់បានថា ម្ចាស់រថយន្ដដឹកអង្ករដែលដាច់ហ្វ្រាំងនោះ បានព្យាយាមគ្រប់គ្រងស្ថានការនេះដែរ ប៉ុន្ដែមិនអាចបាន១០០ភាគរយនោះទេ ដោយគ្រាន់តែគាត់បានព្យាយាមគេចចេញពីកន្លែងដែលមានរថយន្ដតូចៗ និងម៉ូតូ ហើយសុខចិត្តបុកជាមួយរថយន្ដធុនធំទឹកដំឡូងតែម្ដង។

សេចក្ដីរាយការណ៍ជុំហ៊ានដំបូងពីភ្នាក់ងារ Fresh News ប្រចាំខេត្ដកំពង់ចាម ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យជនរងគ្រោះ៦នាក់រងរបួសធ្ងន់ស្រាល ប៉ុន្ដែមិនមានអ្នកស្លាប់នោះទេ៕​