(ភ្នំពេញ)៖ ក្រុមហ៊ុនបញ្ញើរហ័សរបស់ចិន ZTO Express Cambodia រំពឹងខ្ពស់ថា នឹងទទួលបាជោគជ័យលើទីផ្សារកម្ពុជា បន្ទាប់ក្រុមហ៊ុននេះបានដំណើរការប្រមាណ១ឆ្នាំ កន្លងទៅ។ ZTO ជាក្រុមហ៊ុនបញ្ញើរហ័សជាប់ចំណាត់ថ្នាក់លេខ២ និងធំជាងគេនៅប្រទេសចិន ព្រមទាំងដំណើរការជាច្រើនប្រទេសលើសាកលលោក បច្ចុប្បន្ន ZTO កំពុងប្រតិបត្តិការនៅកម្ពុជា។

លោក Zhang Wei អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ZTO បានថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ថា ZTO នឹងទទួលបានជោគជ័យនៅកម្ពុជាព្រោះថា បច្ចុប្បន្ននេះប្រទេសកម្ពុជាជាប្រទេសដែលមាន ទំនាកទំនងល្អជាមួយប្រទេសចិន មួយវិញទៀតវិស័យបញ្ញើនេះពុំទាន់មានច្រើនឡើយនៅកម្ពុជា។

អ្នកគ្រប់គ្រងរូបនោះបន្ដទៀតថា ក្រុមហ៊ុន ZTO កំពុងមានដំណើរការនៅលើប្រទេសជាច្រើន លើពិភពលោករួមមាន៖ ប្រទេសកម្ពុជា, ប្រទេសសហរដ្ឋអាមេរិក, តៃវ៉ាន់ និងប្រទេសជាច្រើនទៀត។

លោកបញ្ជាក់ទៀតថា ZTO ទទួលបម្រើអតិថិជន២៤ខេត្តក្រុងនៅកម្ពុជា ដោយនៅក្នុងទីក្រុងភ្នំពេញមានភ្នាក់ងារចំនួន៨ និងតាមបណ្ដាលខេត្តមានចំនួន៣ភ្នាក់ងារ។ ZTO បានផ្ដោតសំខាន់លើសេវាដឹកជញ្ជូនទំនិញដល់ផ្ទះ, សេវាទទួលទំនិញ ជាមួយប្រព័ន្ធតាមដានបញ្ជើទានពេល សេវារហ័ស, សុវត្ថិភាព និងតម្លៃសមរម្យ លើសពីនេះក៏មានការដឹកជញ្ជូន តាមយន្ដហោះទៅមករវាងកម្ពុជា-ចិនផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន ZTO Express Cambodia បានជ្រើសរើសលោក នីកូ តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ធ្វើជាអគ្គរាជទូតសុច្ឆនៈប្រចាំក្រុមហ៊ុនផងដែរ។ ក្នុងនោះលោក នីកូ បានសម្ដែងអារម្មណ៍សប្បាយរីករាយ ដែលត្រូវបានក្រុមហ៊ុនជ្រើសតាំងធ្វើជា អគ្គរាជទូតសុច្ឆនៈប្រចាំក្រុមហ៊ុន។

លោក នីកូ បានថ្លែងឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ពេលទទួលបានការងារថ្មីពីក្រុមហ៊ុន ZTOនេះ។ ZTO មិនត្រឹមតែផ្ដល់ភាពងាយស្រួល រាល់ការដឹកជញ្ជូនទំនិញសម្រាប់បងប្អូនប៉ុណ្ណោះទេ តែក្រុមហ៊ុនបានបង្កើតកម្មវិធី សប្បុរសធម៌ជាច្រើនទៀតជួយដល់បងប្អូនកម្ពុជាថែមទៀតផង»

លោកបានបន្ដទៀតថា ក្រុមហ៊ុន ZTO នឹងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទិញទំនិញពីចិន មកកាន់កម្ពុជាដោយគ្រាន់តែទំនាក់ទំនងជាមួយក្រុមហ៊ុន និងធ្វើការទិញតាមរយៈ APP មួយនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននោះនឹងផ្ញើទំនិញមកតាមរយៈ ZTO។

លោកបន្ថែមថា កាន់តែងាយស្រួលបន្ថែមទៀត សម្រាប់អ្នកចង់បង្កើតមុខរបរយកឥវ៉ាន់ពីប្រទេសចិន ឬប្រទេសផ្សេងទៀតមកកម្ពុជា សូមមកទាកទងក្រុមហ៊ុន ZTO​ នោះក្រុមហ៊ុននឹងរៀបចំដឹកជញ្ជូនឥវ៉ាន របស់លោកអ្នកពីបណ្ដាប្រទេសទាំងអស់ មកកម្ពុជាដោយសុវត្ថិភាព តម្លៃសមរម្យ និងភាពងាយស្រួល៕