(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្តរបស់ខ្លួន អំពីមេរៀនចំនួនពីរគឺ៖ ១-គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និង២-ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី។

ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធ អំពីទ្រឹស្តី និងឆ្លុះបញ្ចាំងពីការអនុវត្តការងារជាក់ស្តែង។

ខ្លឹមសារមេរៀនរួមមាន៖ តួអង្គនៅក្នុងសង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការនិងវិមជ្ឈការនៅកម្ពុជា តួនាទីនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលនៅខេត្តព្រៃវែង រៀបចំឡើងក្រោមអធិបតីភាពលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ហើយសម្របសម្រួលដោយគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺលោក ចយ សុបិន សមាជិកក្រុមប្រឹក្សាកណ្តាល។

វគ្គបណ្តុះបណ្តាលនៅខេត្តមណ្ឌលគិរី រៀបចំឡើងក្រោមអធិបតីភាពលោក ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្ត ហើយសម្របសម្រួលដោយគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺលោក ឯម ដេត សមាជិកក្រុមប្រឹក្សាត្បូងឃ្មុំ និងលោកស្រី ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលនៅខេត្តកោះកុង រៀបចំឡើងក្រោមអធិបតីភាពលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ គ្រូឧទ្ទេសគឺលោក សុខ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក ហេង ស៊ឺ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ៕