(ភ្នំពេញ)៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន២២នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ក្នុងនោះ មានស្នងការខេត្តចំនួន៣នាក់ គឺស្នងការខេត្តព្រៃវែង, ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង។

នេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងចំណោមនាយនគរបាលទាំង២២នាក់ ដែលមានស្នងការខេត្តចំនួន៣នោះរួមមាន៖ ​លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង, លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន។

យ៉ាងណាមិញ សម្រាប់លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន បើយើងមើលតាមប្រវត្តិរូបសង្ខេបនោះ លោកកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦០ ពោលលោក​មានអាយុ៥៨ឆ្នាំ​ ប៉ុន្ដែត្រូវបានដាក់ឲ្យចូលនិវត្តន៍ទៅហើយ ខណៈដែលអាយុត្រូវដាក់ឲ្យចូលនិវត្តន៍គឺ៦០ឆ្នាំ សម្រាប់ឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ឯក​​ឡើងទៅ។

ប៉ុន្តែចំពោះការលើកឡើងបែបនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យក្រសួងមហាផ្ទៃ បានឆ្លើយតបថា តាមពិតការដាក់នាយនគរបាលឲ្យចូលនិវត្តន៍នោះ ត្រូវបានធ្វើឡើងតាមច្បាប់យ៉ាងត្រឹមត្រូវ ដោយមានការពិនិត្យយ៉ាងច្បាស់លាស់ មិនមានការដាក់នាយនគរបាលណាម្នាក់ខុសអាយុនោះទេ។ សម្រាប់លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន គឺថ្ងៃខែឆ្នាំកំណើតរបស់លោក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៨ ដូច្នេះមានអាយុ៦០ឆ្នាំតែម្តង៕

លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង

លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន

លោកឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង