(ភ្នំពេញ)៖ ចំពោះមុខ​អតីតយុទ្ធជន ដែលត្រូវទទួលបានប័ណ្ណសមាជិកបេឡាជាតិសន្ដិសុខសង្គម ចំនួន៧៧៥នាក់ នៅសាលា​ខេត្តត្បូងឃ្មុំ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងដោយមោទនភាពថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី​៦ ដែលដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់ ផ្តល់នូវអត្ថប្រយោជន៍ និងលើកកំពស់សុខុមាលភាព ជូនជនរួមជាតិ ដែលក្នុងនោះ​រាប់ទាំង​អតីតយុទ្ធជន​ផងដែរ​។

ការផ្តល់ប័ណ្ណសមាជិកបេឡាជាតិសន្ដិសុខសង្គម ​សម្រាប់ថែទាំសុខភាព​ឥតបង់ថ្លៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ គឺជាការឆ្លើយតបយ៉ាងសក្តិសម និងទាន់ពេលវេលា នូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិក ក្នុងឱកាសឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨​កន្លងទៅ ជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ច្បាស់ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី​៤​នេះ។

ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានក្រើនរំលឹក​ដល់ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ទាំងអស់​ត្រូវបន្តចុះជួប​ស្វែងយល់ពីស្ថានភាព ជីវភាព សុខភាព សមាជិកសមាគមយើង តាមគ្រួសារ ហើយត្រូវសហការ​ផ្តល់អាទិភាព ជួយដល់បងប្អូនឲ្យទទួលបាននូវសេវាសាធារណៈ​នានា ដូចជា​ការទទួលបាននូវជំនួយសង្រ្គោះបន្ទាន់ ការផ្តល់ដីសម្បទានសង្គមកិច្ច ការផ្តល់ជម្រកស្នាក់នៅសមរម្យ ការបណ្តុះ​បណ្តាល មុខជំនាញវិជ្ជាជីវៈ និង​ការចូលរួមសកម្មភាពសង្គម​ផ្សេង​ៗ ជាដើម​។

ជាមួយគ្នានេះ លោក លី ឡេង អភិបាល​ខេត្តត្បូងឃ្មុំ បានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រ​លើកទឹកចិត្ត និងខិតខំចលនា​កៀងគរសប្បុរសជន ដើម្បីដោះស្រាយកង្វល់ និងលើកកំពស់ជីវភាពជូន​បងប្អូន​សមាជិកអតីតយុទ្ធជន។

ក្នុងឱកាសនោះ តាមសំណើរបស់សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ទេសរដ្ឋមន្ត្រី គន់ គីម បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះជូនអតីតយុទ្ធជនទ័លលំបាក ចំនួន​២៥​គ្រួសារ លើដីកម្មសិទ្ធិដែលមានស្រាប់៕