(ភ្នំពេញ)៖ មុខសញ្ញាក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពជិះកង់ទៅប្ដូរយកម៉ូតូ ពោលគឺលួចកាច់សោរក ម៉ូតូសង់សេ១២៥ មួយគ្រឿងរបស់ជនរងគ្រោះជាមន្ត្រីយោធា តែមិនបានសម្រេចឡើយ ដោយសារកម្លាំងយាមល្បាតរបស់នគរបាលប៉ុស្ដិ៍ឫស្សីកែវ ចេញអន្តរាគមន៍ទាន់ពេលវេលា ដើម្បីបង្ក្រាបឃាត់ខ្លួនភ្លាមៗ នៅត្រង់ចំណុចផ្ទះលេខB៧៦ តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក អ៉ីវ ឈុនផេង អធិការរងទទួលផែនជំនាញព្រហ្មទណ្ឌ ដែលស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក គល់ យី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ។

លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌឫស្សីកែវ គល់ យី បានឲ្យដឹងថា មុខសញ្ញាចាស់ ជាក្រុមចោរលួចកាច់សោរម៉ូតូម្នាក់ ដែលកំពុងរត់គេចខ្លួននោះ បានស្គាល់ពីអត្តសញ្ញាណហើយមានឈ្មោះ ឈឹម វាសនា ភេទប្រុស អាយុ៣១ឆ្នាំ និងម្នាក់ទៀត ដែលឃាត់ខ្លួនបានឈ្មោះ មោះ រឿនទីយ៉ា ហៅយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ កៅ ណាវី ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីយោធាមានទីលំនៅផ្ទះលេខB៧៦ ផ្លូវបេតុងក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរយោធា ស្នាក់នៅទីតាំងកើតហេតុ។

លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា មុនពេលជនសង្ស័យម្នាក់រត់គេចខ្លួន និងបក្ខពួកម្នាក់ទៀត ត្រូវបានបង្ក្រាបភ្លាមៗ គឺបានអនុវត្តឡើង បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ កំពុងយាមល្បាត ស្រាប់តែឭសូរសម្លេងស្រែកឲ្យជួយ ថាមានចោរលួចកាច់ក សោរម៉ូតូ១គ្រឿងម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-4013 ទើបឈានទៅចេញអន្តរាគមន៍ រហូតបង្ក្រាបឃាត់ខ្លួន ដោយដកហូតបានកង់១គ្រឿង, ទួរឺវុីស១ដើម, កូនសោម៉ូតូចំនួន១ និងដែកទីបជ្រុងមួយកំណាត់ផងដែរ។

បើតាមលោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងផងដែរថា ក្រោយពីបង្ក្រាបបានជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ និងម្នាក់ទៀតជាបក្ខពួកកំពុងរត់គេចខ្លួន រួមជាមួយវត្ថុតាង ដែលដកហូតក្នុងសកម្មភាពលួចកាច់ក សោរម៉ូតូ ត្រូវបានបញ្ជូនមកឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តការស៉ើបអង្កេត ក្នុងការកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕