(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់អ្នកជំងឺ​នៅតាមមន្ទីរពេទ្យ នៅថ្ងៃពុធ​ ៨កើត​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ២០១៨​​នេះ កាកបាទក្រហមកម្ពុជា​ (ហៅកាត់ថា​ កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ​ លោកស្រី​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន​ ៤៨៦នាក់​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ​​ ( ពេទ្យលោកសង្ឃ ) ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី​ អគ្គលេខាធិការ​ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ ព្រមទាំងសហការី​ បានអញ្ជើញជួបផ្ទាល់ ដល់បន្ទប់អ្នកជំងឺ ដោយបានពាំនាំនូវប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ​ គិតគូរពីការលំបាក និងពាំនាំសារអប់រំសុខភាពរបស់​ សម្តេចប្រធាន​ ដែលផ្តាំផ្ញើជូនអ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ បរិភោគអាហារមានអនាម័យ ​និងជៀសវាងអាហារដែលនាំឱ្យមានជំងឺ​ឬប៉ះពាល់សុខភាព​ ត្រូវ​ជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​។ល។ ​ជាមួយគ្នានេះ​ លោកស្រី អគ្គលេខាធិការ​ សូមជូនពរដល់អ្នកជំងឺ​ទាំងអស់​ ឆាប់ជាសះស្បើយពីជំងឺ​បានវិលទៅជួបជុំគ្រួសារឡើងវិញ។

ទន្ទឹមនឹងនេះ​ លោកស្រី​ ម៉ែន​ នារីសុជាតិ​ នាយិការងមន្ទីរពេទ្យព្រះកុសុមៈ​ តំណាងឱ្យអ្នកជំងឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលតែងតែគិតគូរ ជួយសម្រាលការលំបាក និងចែករំលែកក្តីស្រឡាញ់ ជូនប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ចំណែកឯក្រុមគ្រួសារអ្នកជំងឺវិញ បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានគិតគូរថែទាំ​ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ​ប្រកបដោយក្រមសីលធម៌​ និងវិជ្ជាជីវៈត្រឹមត្រូវ​។

អំណោយមនុស្សធម៌ ដែលបានចែកជូនអ្នកជំងឺចំនួន​ ៤៨៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស១គីឡូក្រាម ទឹកដោះគោខាប់៤កំប៉ុង នំប្រៃ​១កញ្ចប់​ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១​ និងថវិកា ៥០,០០០រៀល។

គួររំលឹកផងដែរថា​ កាលពីថ្ងៃទី​៤​ ខែតុលា​ ឆ្នាំ២០១៨​ កន្លងទៅនេះ​ កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺបានសរុបចំនួន​ ១,៥០៦នាក់​រួចមកហើយ​ ​ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា​ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕