(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន​០១ខ្សែ ប្រវែង​២៧៤ម៉ែត្រ និងដាក់លូមូលរំដោះទឹក​០២ខ្សែ ប្រវែងសរុប​១,០៥៨ម៉ែត្រ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងលូ រួមមាន ស្ថាបនាផ្លូវបេតុង​០១ខ្សែ ប្រវែង​២៧៤ម៉ែត្រ ទទឹង០៥ម៉ែត្រ ក្នុងភូមិខ្វា សង្កាត់ដង្កោ ដាក់បំពង់លូមូលរំដោះទឹក​០១ខ្សែ ប្រវែង​៤៥៧ម៉ែត្រ មុខកាត់​០,៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ និងដាក់បំពង់លូមូលរំដោះទឹក​០១ខ្សែ ប្រវែង​៦០១ម៉ែត្រ មុខកាត់​០,៦ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក។

លោកអភិបាលខណ្ឌ បានធ្វើការលើកឡើង អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងបានធ្វើការផ្តាំផ្ញើ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរអំពីការលំបាករបស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ផ្លូវបេតុងថ្មី​០១ខ្សែ និងលូ២ខ្សែ ក្នុងសង្កាត់ទាំង២នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ បញ្ជៀសការលិចលង់ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។

លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះ​ប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។

លោក​ក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងលូ ដើម្បីឲ្យផ្លូវ លូនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕