(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាសាលាបឋមសិក្សាស្រីវិបុលកេរ្តិ៍ ១ខ្នង មាន៥បន្ទប់ ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន វីឆារីថេបល ហ្វោនដេសិន ក្នុងតម្លៃទឹកប្រាក់សរុប​៦ម៉ឺនដុល្លារ ស្ថិតក្នុងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។

បន្ទាប់មកទៀត លោក ឃឹម ប៊ុនសុង ក៏បានបន្ដ​ចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ​៤០០គ្រួសារ ដែលជាអំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដល់ពលរដ្ឋមកពី៣ឃុំ គឺ(ឃុំបល្ល័ង្ក ឃុំអំពិល ឃុំកន្ទ្រាំង) ក្នុងស្រុកប្រាសាទបាគង។

តាមសេចក្តីរាយការណ៍របស់ លោក នឹម សុវណ្ណ អភិបាលស្ដីទី​ស្រុកប្រាសាទបាគង ​បានឲ្យដឹងថា ប្រជាពលរដ្ឋមកពី២០ភូមិ ក្នុងឃុំទាំង៣ នៃស្រុកបាសាទបាគង ដែលមានមុខរបរជាកសិករ បានជួបនូវកង្វះខាតនូវ ស្បៀងអាហារប្រចាំថ្ងៃ ដែលជាគ្រួសារងាយរងគ្រោះទៀតផង។

តាមការបញ្ជាក់របស់ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងពីប្រភពអំណោយ ដែលបានផ្ដល់ជូននាពេលនេះ គឺទទួលបានការឧបត្ថម្ភពីសមាគម វី ឆារីថេបល ហ្វោនដេសិន ដែលផ្តល់តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​សៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ហើយបាននិងកំពុងប្រតិបត្តិការជួយសង្គ្រោះ និង​ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះ ដោយគណៈអភិបាល ក្រុមប្រតិបត្តិ ​អ្នកស្ម័គ្រចិត្ត ចាប់តាំងពីថ្នាក់ជាតិ រហូតដល់សហគមន៍មូលដ្ឋាន ដោយមានការសហការពី អាជ្ញាធរសាធារណណៈ​គ្រប់លំដាប់ថ្នាក់ ​ដៃគូសហប្រតិបត្តិការ ស្ថាប័នពាក់ព័ន្ធ​សប្បុរសជនជាតិ និង​អន្តរជាតិ​។ ដូច្នេះហើយអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ សំខាន់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ជាពិសេសគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រី ម៉េម៉ាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាជាដើម​។

លោកអភិបាលខេត្ត ក៏បានសម្តែងនូវការអរគុណចំពោះ​សប្បុរសជន នៃសមាគម វី ឆាយរីថេបល ហ្វោនដេសិន ដែលមានសន្ដានចិត្តមនុស្សធម៌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា ជាក់ស្តែងក្នុងការចុះមកផ្ទាល់ដល់មូលដ្ឋាន ទោះបីការធ្វើដំណើរឆ្ងាយ មានការលំបាកយ៉ាងណាក៏ដោយ ក្នុងទឹកចិត្តមនុស្សធម៌ចំពោះប្រជាជនកម្ពុជា។

​លោក ឃឹម ប៊ុនសុង ក៏បានសំណូមពរ ដល់សមាគមនេះសូមបន្តប្រពៃណីមនុស្សធម៌នេះ ទៅតាមបណ្តាស្រុក ឃុំផ្សេងៗទៀតផង និង​អំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព អនាម័យ ក្នុងការរស់នៅ ជាសំខាន់គឺកុមារតូចៗ ស្ត្រីមានផ្ទៃពោះ ងាយរងទទួលជំងឺឆ្លងផ្សេងៗ បើឃើញថាមិនស្រួលត្រូវប្រញាប់នាំទៅមណ្ឌលសុខភាពដែលនៅតាមមូលដ្ឋានខ្លួន និង​ផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់នៅពេលជួបប្រធានស័ក្តណាមួយ សូមរត់រកនូវទីកន្លែងសុវត្ថិភាព ព្រមទាំងត្រូវធ្វើការដាំដុះដំណាំរួមផ្សំ ក្នុងការដោះស្រាយជីវភាពគ្រួសារ និង​ត្រៀមលក្ខណៈក្នុងការប្រមូលផលស្រូវក្នុង ស្រែនាពេលខាងមុខផងដែរ។

អំណោយដែលផ្តល់ជូនបងប្អូនទាំង៤០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ​២៥គីឡូក្រាម​, មី​១កេស, ត្រីខ១យូរ​, ត្រី១យូរ និង​ថវិកាមួយចំនួនផងដែរ៕