(ភ្នំពេញ)៖ ស្ថាន​ទូតសាធារណរដ្ឋកូរ៉េប្រចាំនៅ​កម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗ​ ចូលរួមភ្លក្សម្ហូបយ៉ាងពិសេសចំនួន៦មុខ ដែលសុទ្ធសឹងតែជាអាហារដ៏មានតម្លៃ​នៅក្នុងរាជវាំង ពោលមានតែព្រះមហាក្សត្រ​តែប៉ុណ្ណោះទើបមានសិទ្ធិសោយបាន ដែលចំអិនដោយចុងភៅដ៏ល្បាញល្បីមកពីប្រទេសកូរ៉េ។

ក្នុងចំណោម ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗទាំងអស់នោះ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ ដែល​រៀបចំ​នៅក្នុងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតកូរ៉េ។

ម្ហូបទាំង៦មុខដែលចំអិនដោយចុងភៅមកពីប្រទេសកូរ៉េ រួមមាន ទី១៖ «បបរថារ៉ាក់ជុក» ដែលត្រូវបានចំអិនឡើងដោយការដាំរម្ងាស់ទឹកដោះគោ ជាមួយ​អង្ករកិន ថារ៉ាក់ គឺជាពាក្យបុរាណរបស់កូរ៉េ ដែលមានន័យថាទឹកដោះគោ, ទី២៖ «អូចល់ផាន់» វាជាអាហារមួយប្រភេទដែលគេធ្វើការទទូលទានដោយយកបន្លែ និងសាច់ សរុបចំនួន៥មុខ ពីក្នុងចានដែលមានបែងចែកជាប្រលោះៗ ទៅរុំខ្ចប់ជាមួយ​នំមីលចន់ប្យ៉ង់, ទី៣៖ «ញ៉ាំបង្គាចំហុយជាមួយ​ទឹកគ្រាប់ស្រល់» វាគឺជាអាហាររាជវាំងដែលមានសាច់បង្គាទន់ៗ លាយជាមួយ​ទឹកគ្រាប់ស្រល់​, ទី៤៖ «ស៊ីនសន់ឡូ» សម្លឆ្នាំងភ្លើង ជាប្រភេទសម្លទឹក ដែលត្រូវគេដាំនៅក្នុងឆ្នាំងដែក ដែលត្រូវគេផ្សារផ្អោបភ្ជាប់ជាមួយ​បំពង់តូចមួយសម្រាប់ដុតភ្លើង វាជាអាហាររាជវាំងដ៏ល្បី, ទី៥៖ «ខាល់ប៊ីជីម ខឆ្អឹងជំនី» វាជាអាហារដែលត្រូវបានគេចម្អិនដោយខរម្ងាស់ ឆ្អឹងជំនី ជាមួយបន្លែជាច្រើនមុខ និងទឹកស៊ីអ៊ីវ និងទី៦៖ ប៊ីប៊ីមប៉ាប់​ និងស៊ុបសាច់គោលាយជាមួយ​ឆៃថាវ។

ថ្លែងក្នុងឱកាសនោះ ​​លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ​ប្រចាំនៅ​កម្ពុជា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ហាល់យ៉ូ (Hallyu = Korean wave = រលកកូរ៉េ) ត្រូវបានធ្វើការផ្សព្វផ្សាយទៅគ្រប់ប្រទេស ពាសពេញលើពិភពលោក ហើយ​អាចនិយាយបានថា ​អាហារកូរ៉េ គឺជាលក្ខណៈពិសេសបំផុត នៃវប្បធម៌កូរ៉េ។ អាហារកូរ៉េ គឺជាអាហារសុខភាពដែលមានលក្ខណៈធម្មជាតិ ប្រកបដោយសក្តានុពលភាពខ្ពស់ ក្នុងការទទួលបាននូវប្រជាប្រិយភាព អំពីជនបរទេសទាំងឡាយ។

បន្ទាប់បានភ្លក្សអាហារយ៉ាងពិសេសទាំង៦មុខ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព័ត៌មានផ្សេងទៀត សុទ្ធតែបានបញ្ជាក់ដូចៗគ្នា អាហារទាំងអស់នោះ គឺពិតជាមានឱជារសឈ្ងុយឆ្ងាញ់ ព្រោះថាអាហារទាំងអស់នោះ ពិតជាមានតម្លៃណាស់​ដោយ​សុទ្ធសឹងតែជាអាហារ​​នៅក្នុងរាជវាំង៕